សមាជិកសភាកូរ៉េខាងត្បូងមួយក្រុមបានទៅធ្វើទស្សនកិច្ចនៅកោះដែលមានជម្លោះជាមួយជប៉ុនដោយបង្កឲ្យមានការតវ៉ាពីក្រសួងការបរទេសជប៉ុន ខណៈដែលទំនាក់ទំនងតានតឹងរបស់ប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺនថែមទៀត។
សមាជិកសភាកូរ៉េ ៦ នាក់កាលពីថ្ងៃសៅរ៍បានហោះហើរទៅកោះតូចៗដែលគេស្គាល់ថា Dokdo នៅកូរ៉េ និង Takeshima នៅជប៉ុនជាផ្នែកមួយដើម្បីប្រឆាំងនឹងការហាមឃាត់របស់ជប៉ុនចំពោះការដឹកជញ្ជូនគ្រឿងបន្លាស់សំខាន់ៗសម្រាប់ផលិតបន្ទះឈីបស្មាតហ្វូនដែលជាការនាំចេញដ៏ធំរបស់កូរ៉េខាងត្បូង។
លោក Sul Hoon សមាជិកសភាគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចបាននិយាយថា “ដោយមិនគិតពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ជប៉ុនមិនត្រឹមតែទម្លាក់កូរ៉េខាងត្បូងចេញពីបញ្ជីសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអះអាងថា កោះ Dokdo ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលធ្វើឲ្យទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុនកាន់តែយ៉ាប់យ៉ឺនថែមទៀត។
ក្រសួងការបរទេសជប៉ុនបានធ្វើការប្រឆាំងយ៉ាងតឹងរ៉ឹងជុំវិញដំណើរទស្សនកិច្ចនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រសួងបាននិយាយថា សមាជិកសភាកូរ៉េបានព្រងើយកន្តើយនឹងការទាមទារពីមុនរបស់ជប៉ុនដែលថាផែនការនេះត្រូវបានលុបចោល ហើយបានហៅដំណើរទស្សនកិច្ចនេះថាជាការសោកស្តាយបំផុត។
ក្រសួងការពារជាតិបាននិយាយថា កោះទាំងនោះគឺជាទឹកដីរបស់ប្រទេសជប៉ុននៅក្នុងលក្ខខណ្ឌទាំងផ្នែកប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។
ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុនមានកម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងសំណងសម្រាប់ពលករដែលត្រូវបានបង្ខំឲ្យធ្វើសង្គ្រាមអំឡុងពេលការកាន់កាប់របស់ជប៉ុននៅប្រទេសកូរ៉េរហូតដល់ចប់សង្គ្រាមលោកលើកទី២។
លើសពីនេះទំនាក់ទំនងកាន់តែឆ្ងាយបន្ថែមទៀតនៅពេលដែលប្រទេសជប៉ុនបានដកកូរ៉េខាងត្បូងចេញពីបញ្ជីសរបស់ប្រទេសជាមួយនឹងស្ថានភាពនាំចេញយ៉ាងឆាប់រហ័ស ខណៈដែលប្រទេសកូរ៉េក៏បន្តលុបចោលកតិកាសញ្ញាចែករំលែកព័ត៌មានស៊ើបការណ៍យោធាជាមួយជប៉ុនផងដែរ៕