កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូរ៉ូណាថ្មី ១៧១នាក់ទៀតល្ងាចនេះ ចំនួនសរុបឡើងដល់ ១,៧៦៦នាក់

ប្រទេសកូរ៉េខាងត្បូងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះបានរាយការណ៍ថាបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១៧១ទៀត បន្ថែមពីលើការប្រកាសកាលពីព្រឹកមិញ ៣៣៤ ករណី នាំឲ្យករណីសរុបដែលត្រូវបានរាយការណ៍នៅថ្ងៃនេះឡើងដល់ ៥០៥នាក់ ហើយចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះកើនដល់ ១៧៦៦នាក់។

ការកើនឡើងយ៉ាងគំហុកនេះកើតមានស្របពេលអាជ្ញធរសុខាភិបាលកូរ៉េចាប់ផ្ដើមធ្វើតេស្តលើសមាជិកសាសនាគ្រិស្តជាង ២សែននាក់នៃព្រះវិហារមួយក្នុងទីក្រុង Daegu ដែលជាទីក្រុងធំលំដាប់ទី៤ក្នុងប្រទេស។

អ្នកជំងឺអាយុ ៧៥ ឆ្នាំម្នាក់ដែលមានទំនាក់ទំនងនឹងក្រុមសាសនាមួយនេះបានស្លាប់កាលពីព្រឹកមិញ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 របស់ប្រទេសនេះឡើងដល់ ១៣ នាក់។

ក្នុងចំណោមករណីថ្មីចំនួន ៥០៥ ករណី ក្នុងនោះមានចំនួន ៤២២ ករណី គឺស្ថិតនៅទីក្រុង Daegu ដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូលនិង ៤ ករណីទៀតស្ថិតនៅក្នុងខេត្ត Gyeongsang ខាងជើងដែលនៅជិតខាង។ ចំនួនសរុបនៃការឆ្លងនៅ Daegu ពេលនេះគឺ ១១៣២នាក់ និងខេត្ត Gyeongsang ខាងជើង មានចំនួន ៣៤៥ នាក់។

មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺកូរ៉េបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាខេត្តនិងក្រុងសំខាន់ៗផ្សេងទៀតក៏បានរាយការណ៍ពីការឆ្លងមួយចំនួនដែរដោយទីក្រុងសេអ៊ូលបានរាយការណ៍ថាមានករណីថ្មីចំនួន ៧នៅថ្ងៃនេះ។ នៅពេលនេះករណីសរុបនៅសេអ៊ូលឡើងដល់ ៥៦នាក់ ស្របពេលទីក្រុងប៊ូសានដែលជាទីក្រុងធំបំផុតទីពីររកឃើញសរុបចំនួន ៦១ករណី ៕ ប្រភព៖ kampucheathmey.com

Related posts

Leave a Comment