នាយករដ្ឋមន្ត្រីជប៉ុនប្រកាសឲ្យបិទសាលារៀនទូទាំងប្រទេសមួយខែ ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា

នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេ (Shinzo Abe) បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែកុម្ភៈនេះថារដ្ឋាភិបាលនឹងស្នើសុំឱ្យសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់បិទទ្វារចាប់ពីថ្ងៃទី ២ ខែមីនារហូតដល់ចុងខែមីនា។

លោកអាបេបាននិយាយនៅក្នុងកិច្ចប្រជុំនៃក្រុមការងាររបស់រដ្ឋាភិបាលថា “រដ្ឋាភិបាលគិតគូរសុខភាពនិងសុវត្ថិភាពរបស់កុមារលើសពីអ្វីទាំងអស់” ។

ប្រទេសជប៉ុនបានបញ្ជាក់ថា មានករណីឆ្លងក្នុងស្រុកយ៉ាងហោចណាស់ចំនួន ១៨៦ ករណីរួមទាំងការស្លាប់ចំនួន ៣ នាក់ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម។

ប្រទេសជប៉ុនក៏បានប្រឈមមុខនឹងការរិះគន់ផងដែរចំពោះចំណាត់ការរបស់ខ្លួនលើនាវាទេសចរណ៍ Diamond Princess ដែលបានចូលចតក្នុងប្រទេសខ្លួន បន្ទាប់ពីអតីតអ្នកដំណើរម្នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុស COVID-19 នេះ។

មនុស្សជាង ៧០០ នាក់នៅលើនាវានោះធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ដោយមានករណីថ្មីជាច្រើនកើតឡើងខណៈពេលដែលកប៉ាល់នោះត្រូវបានដាក់ឲ្យនៅដាច់ពីគេ ៕
ប្រភព៖ http:kampucheathmey.com

Related posts

Leave a Comment