នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុក “អាចារ្យធំ នគររាជ ” បានបង្ហោះសារដ៏សែនរំជួលចិត្តមួយ ទាក់ទងលោក បេន អានហើយ អាចធ្វើឲ្យខ្លះស្ទើរទប់ទឹកភ្នែកលែងជាប់ក៏ថាបាន។ លោកបានបញ្ជាក់ឲ្យដឹងថា៖
“បេន៖ កាល២ឆ្នាំមុន ពួកខ្ញុំធ្លាប់បានប្រាប់លោកជាច្រើនសារហើយ ថាឱ្យលោកត្រឡប់ទៅសោយសុខនៅ ស្រុកអាមេរិករបស់លោកវិញទៅ បើលោកចង់នៅមានជីវិតរស់បន្តទៀត កុំនាំលំបាកដល់ប្រពន្ធ និងកូនស្រីទាំង២នាក់ទៀតអី តែលោកមិនដែលយកត្រចៀកស្ដាប់ពួកយើងទេ ហើយថែមទាំងជូនពាក្យ១ឃ្លាតបដល់ពួកយើងថា “លោកសុខចិត្តចោលឆ្អឹងនៅស្រុកខ្មែរ ដើម្បីព្រៃខ្មែរ” ។
ថ្ងៃនេះខ្ញុំ អាចារ្យធំ គិតថានឹងធ្វើដំណើរទៅជួបលោក ហើយរក្សាចិត្តដេញលោកឱ្យទៅ អាមេរិកវិញដដែល តែ…ខ្ញុំភ្លេចគិតថាលោកអស់ពីខ្លួនហើយ ព្រោះលោកបាន បោះបង់ចោលការងារ មុខរបរ លក់ផ្ទះសម្បែង និយាយសរុបគឺបានប្រមូលទ្រព្យលក់ខ្ទេចខ្ទីអស់ហើយ ដើម្បីយកប្រាក់មកចំណាយលើការ អភិរក្ស ការពារ ព្រៃឈើខ្មែរតែ១មុខគត់ ដែលព្រៃទាំងនោះមិនមែនជា កេរ អាករ របស់ដូនតាលោកបន្តិចទាល់តែសោះ។
ហើយស្របពេលដែលលោក រលីងអស់ពីខ្លួនបែបនេះ ក្នុងនាមខ្ញុំជាមនុស្សខ្មែរម្នាក់ “នៃប្រទេសតូចតែមានបេះដូងធំ” មិនអាចជាដាច់ខាត ដែលត្រូវឱ្យលោកចាកចេញ បោះបង់លោកចោល បំភ្លេចវីរភាពរបស់លោកនោះ គិតទៅពិតជាឃោរឃៅ នឹងមហាថោកទាបបំផុតហើយ ដូចនេះសូមលោកបន្តមហាវីរភាព ឆន្ទៈដ៏អស្ចារ្យរបស់លោក តាមយថាកម្មលោកទៀតចុះ ពួកយើងនៅក្បែរលោកលុះដង្ហើមចុងក្រោយ។
អរគុណណាស់ អរគុណគ្រប់យ៉ាងនៃតំណក់ញើសឈាមលោកដែលហូរស្រក់ព្រោះតែប្រទេសខ្មែរខ្ញុំ។ លោកជានិមិត្តរូបនៃវីរភាពរបស់ខ្ញុំជានិច្ចណា #បេន។ BeTreed Adventures #ភ្នំត្នោត #ព្រះវិហារ”៕