មិនធម្មតា! បទចម្រៀង” ព្រោះតែអូន” របស់លោកតា សុិន ស៊ីសាមុត បានផ្ទុះការគាំទ្រឡើងវិញលើបណ្ដាញ YouTube សឹងតែមិនជឿ (មានវិដេអូ)

បទចម្រៀង ព្រោះតែអូន ដែលជាសំនៀងដើមរបស់អធិរាជសម្លេងមាស សុិន ស៊ីសាមុត ត្រូវបានអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ និងម្ចាស់ប្រេនផលិតផលគ្រឿងសំអាង NNP បានយកមកច្រៀងតាមដើម្បីជាការកម្សាន្តនិងចង់គាស់កកាយបទចម្រៀងចាស់ៗពីជំនាន់មុនដែលកប់បាត់ចោល អោយយុវជនជំនាន់ក្រោយបានស្ដាប់ដើម្បីនឹករលឹកដល់ម្ចាស់សំនៀងដើមគឺអធិរាជសម្លេងមាស សុិន ស៊ីសាមុត គឺទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តក្នុងបណ្ដាញសង្គមហ្វេសបុក និងយូធូប។

បើគិតត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះបទចម្រៀង ព្រោះតែអូន ដែលអ្នកស្រី ទ្រី ដាណា បានយកមកច្រៀងកម្សាន្តនោះបានទទួលការគាំទ្រយ៉ាងខ្លាំងនិងមានអ្នកចូលទស្សនាក្នុងបណ្ដាញ YouTube ចំនួន 6M គឺប្រមាណ៦លាននាក់ហើយមកដល់ពេលនេះ។

យ៉ាងណាមិញអ្នកស្រី ទ្រី ដាណា បានអោយដឹងថាការយកបទលោកតា សុិន ស៊ីសាមុត មកច្រៀងនេះគឺដោយតែចិត្តស្រលាញ់និងចង់ច្រៀងបទចម្រៀងនេះតែម្ដង ដោយនឹកឃើញថាបទចម្រៀងមរតកដើមជាច្រើនបានបាត់បង់កប់ចោលមិនសូវមានអ្នកស្ដាប់ច្រើនទេ បើនិយាយទៅគឺមានតែមនុស្សវ័យចំណាស់ៗប៉ុណ្ណោះដែលស្ដាប់បទចម្រៀងមរតកដើមពីមុន ចំណែកយុវជនយុវតីជំនាន់ក្រោយៗនេះគឺចូលចិត្តតែបទបែបបែកស្លុយ ហើយបើនិយាយដល់បណ្ដាញផ្សាព្វផ្សាយវិញគឺភាគតិចណាស់ដែលបានចាក់ចម្រៀងមរតកដើមពីមុនៗផ្សព្វផ្សាយ ដូច្នេះហើយលោកស្រីក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើនថតចម្រៀងនិងផលិតវិដេអូចម្រៀងនេះ ក្នុងគោលបំណងអោយយុវជនយុវតីជំនាន់ក្រោយងាកមកចាប់អារម្មណ៍និងស្វែងយល់ថាបទចម្រៀងដែលអ្នកស្រីកំពុងច្រៀងនេះគឺជាសំនៀងដើមរបស់អធិរាជសម្លេងមាសលោកតា សុិន ស៊ីសាមុន ។

អ្នកស្រីក៏បានបញ្ជាក់ថា ការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ គឺគ្មានបំណងយកទៅធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ណាមួយឬក៏រកលុយពី YouTube បានមួយកាក់មួយសេននោះទេ ការច្រៀងនេះគឺចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន គឺដើម្បីជាការកម្សាន្តសប្បាយ បន្ធូរអារម្មណ៍កុំអោយតានតឹងនិងការងារអាជីវកម្មរបស់អ្នកស្រីតែប៉ុណ្ណោះ ហើយក៏ចង់ផ្ញើចម្រៀងដែលជាសំនៀងរបស់លោកស្រីទៅកាន់ស្ត្រីប្រមាណ៧ម៉ឺននាក់ដែលជាតំណាងចែកចាយផលិតផលគ្រឿងសំអាង NNP ទូទាំងប្រទេសស្ដាប់កម្សាន្តផងប៉ុណ្ណោះ។

ជាមួយគ្នានេះដែរអ្នកស្រី ទ្រី ដាណា ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែស្រលាញ់ចូលចិត្តអ្នកស្រី និងគាំទ្រការច្រៀងចម្រៀងរបស់អ្នកស្រីនាពេលកន្លងមកនេះ ព្រមជាមួយនិងពាក្យសរសើរជាច្រើនថាអ្នកស្រីគឺជាស្ត្រីមានសមត្ថភាពដ៏អស្ចារ្យរកស៊ីក៏ពូកែ ច្រៀងក៏ពិរោះថែមទៀត ថ្វីត្បិតលោកស្រីមិនមែនជាអ្នកសិល្បៈ ហើយអ្នកស្រីក៏ពុំមានបំណងចង់ក្លាយជាអ្នកសិល្បៈអ្វីនោះដែរ ដោយសារអ្នកស្រីមានជំនួញច្រើននៅក្នុងដៃនាពេលបច្ចុប្បន្ននេះ ព្រមទាំងមានស្ត្រីជាច្រើនម៉ឺននាក់ដែលកំពុងពឹងផ្អែកលើលោកស្រីទាំងស្រុងក្នុងអាជីវកម្មគ្រឿងសំអាង NNP ។

គួររំលឹកថាអ្នកស្រី ទ្រី ដាណា គឺម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់គ្រឿងសំអាងផលិតផល NNP ដ៏ធំដែលផ្ដាច់មុខចែកចាយក្នុងប្រទេសកម្ពុជា ក្រៅពីការច្រៀងចម្រៀងបទមរតកដើមពីមុនៗ អ្នកស្រីក៏បានច្រៀងចម្រៀងដែលអ្នកស្រីអោយគេផលិតផ្ទាល់តែម្ដងសំរាប់អ្នកស្រីដើម្បីច្រៀងកម្សាន្តមានទាំងបទមនោសញ្ចេតនា បទញាក់កន្ត្រាក់អារម្មណ៍ និងបទប្រពៃណីផងដែរ មានដូចជាបទទឹកភ្នែកសំរាម បទហាងឆេងមេម៉ាយ បទយល់ច្រលំ និងបទរាំផ្លាស់ឆ្នាំចាស់ ជាដើមសុទ្ធតែជាបទចម្រៀងផលិតថ្មីទាំងអស់ អ្នកក៏បានត្រៀមចម្រៀងជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២០ខាងមុខចំនួន ៥០បទដើម្បីបំរើអារម្មណ៍បងប្អូនទាំងអស់ដែលតែងតែស្រលាញ់និងគាំទ្រអ្នកស្រីផង៕ សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment