សូមជួយលើកទឹកចិត្តចៅហ្វាយស្រុកវ័យក្មេងមួយផង🙏🙏🙏 គាត់បានជួយកសិករបន្ទាយស្រីលក់ត្រសក់ផ្អែមទាំងអស់ក្នុងចំការបានដោយជោគជ័យ….

ខ្ញុំបាទសូមជូនដំណឹងដ៏គួរអោយរីករាយជំនួសសហគមន៍កសិករត្រសក់ផ្អែមស្រុកបន្ទាយស្រីថា ចំណោទបញ្ហាលក់របស់ពួកគាត់ត្រូវបានដោះស្រាយរួចរាល់ទាំងស្រុងគិតត្រឹមក្នុងថ្ងៃនេះ ហើយគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក(ដែលដំបូងឡើយគ្រោងលក់រហូតដល់ថ្ងៃទី២៦កុម្ភៈ) ក៏នឹងបញ្ចប់ត្រឹមថ្ងៃទីមួយនេះដែរ ដោយសារតែតម្រូវការដ៏ច្រើនលើសលុបនិងគួរអោយស្មានមិនដល់នេះ។

ក្នុងនាមសហគមន៍កសិករស្រុកបន្ទាយស្រី ខ្ញុំសូមថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង។ ក្នុងនោះ មានបុគ្គលនិងក្រុមហ៊ុនមួយចំនួនដែលខ្ញុំបាទសូមថ្លែងអំណរគុណជាពិសេសនិងសូមរំលេច រួមមាន៖

ផ្សារទំនើបឡាក់គី ដែលបានយល់ព្រមទទួលយកទៅលក់នៅក្នុងគ្រប់ហាងរបស់ខ្លួនទាំងអស់និងលក់ក្នុងថ្លៃដើម
ផ្សារហេរីថេក ដែលបានផ្តល់ទីតាំងសម្រាប់ផ្សព្វផ្សាយនិងលក់ដោយផ្ទាល់ដោយមិនគិតថ្លៃ
ក្រុមហ៊ុន Temple Group ដែលបានបញ្ចូនក្រុមការងារមកជួយធ្វើបង្អែមនិងទឹកក្រឡុកពីត្រសក់ផ្អែមនិងចែកជូនដោយឥតគិតថ្លៃ
ក្រុមហ៊ុន Retro Investment ដែលបានបញ្ជូនក្រុមការងារសម្របសម្រួលការលក់ ការតុបតែង និងការគ្រប់គ្រងកម្មវិធីទាំងមូលអោយបានបញ្ចប់ទៅដោយរលូន
លោកបណ្ឌិត អុឹង ឃាង ដែលបានទិញត្រសក់ផ្អែមចំនួន១៥០០គីឡូ ហើយចែកជូនអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បីដោយឥតគិតថ្លៃ
លោកជំទាវ អ៊ូ ធីតាពៅ (ជាមិត្តភក្តិនិងជាភរិយាឯកឧត្តម គួច ចំរើន) ដែលបានស្ម័គ្រចិត្តជួយទិញ១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។

ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រីត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប។

មែន! បញ្ហាកសិកម្ម ជាទូទៅគឺជារឿងធំហើយស្មុគស្មាញ រួមទាំងមានបញ្ហាប្រឈមនិងមានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយ ហើយក៏មិនអាចនឹងងាយដោះស្រាយភ្លាមៗដូចករណីនេះដែរ។ ដំណោះស្រាយលើកនេះគឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន ដែលសមស្របនឹងប្រភេទបញ្ហាដែលមានចរឹតបណ្តោះអាសន្នបែបនេះ។

យើងនៅសេសសល់បញ្ហារ៊ាំរ៉ៃនិងសុីជម្រៅជាច្រើនទៀតនៅក្នុងវិស័យកសិកម្ម ដែលទាមទារអោយមានដំណោះស្រាយយូរអង្វែងនិងដំណោះស្រាយបែបយុទ្ធសាស្ត្រទូលំទូលាយទ្រង់ទ្រាយធំ។ តែខ្ញុំជឿជាក់ថា បើយើងទាំងអស់គ្នានាំគ្នាចូលរួមជួយដោះស្រាយ នៅតំបន់ណាជួយគ្នាដោះនៅតំបន់នោះ បូករួមផ្សំនឹងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងកម្រិតគោលនយោបាយបន្ថែមទៀត នោះយើងនឹងអាចមើលឃើញពន្លឺថ្មីពីវិស័យកសិកម្មនេះបាន។

បញ្ជាក់: បងប្អូនដែលបានកក់ទុកត្រសក់ផ្អែមរួចហើយ ក្រុមការងារនឹងរៀបចំផ្ញើរជូននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែខ្ញុំបាទសូមអធ្យាស្រ័យចំពោះបងប្អូនដែលចង់បន្តចូលរួមជួយផ្សេងៗទៀត ដោយហេតុតែក្រុមការងារមិនមានត្រសក់ផ្អែមដើម្បីបន្តលក់ជូនទៀតឡើយ។ បងប្អូនដែលនៅចាប់អារម្មណ៍ចង់សាករសជាតិត្រសក់ផ្អែមបន្ទាយស្រី ប្រហែលជាអាចនៅរកទិញបាននៅតាមផ្សារទំនើបឡាក់គី។

Related posts

Leave a Comment