កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ ដ៏ស្រស់ស្អាត និងមានចិត្តធម៌ម្នាក់ បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា នឹងទិញ ខោអាវ សម្ភាសិក្សា និងស្បែកជើង ជូនប្អូនៗចំនួន៨០នាក់ដែលកំពុងតែខ្វះខាត នៅសាលាមួយកន្លែង ស្ថិតនៅភូមិអូពិល ឃុំទួលពង្ររ ស្រុកមាឡៃ ខេត្តបន្ទាយមានជ័យ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ លោកស្រីបានបញ្ជាក់ម្តងទៀតថា ប្អូនៗសិស្សសាលាទំាងនោះ ទទួលបាន សម្ភារសិក្សា និងសំលៀកបំពាក់ ហើយ តាមរយៈក្រុមការងាររបស់លោកស្រី ដែលបានទៅដល់ទីនោះផ្ទាល់។
លោកស្រី ក៏បានបន្ថែមថា៖ ”រំភើបចិត្តណាស់ ឃើញប្អូនៗទទួលសម្ភារៈសិក្សា មានសំលៀកបំពាក់ថ្មីៗ នាំគ្នាសើចសប្បាយ។ ឱ្យតែមានចិត្តតស៊ូ អនាគតរបស់ប្អូនៗនឹងផ្លាស់ប្ដូរ។ យើងកើតមកក្រ មិនមែនជាកំហុសទេ ហើយក៏មិនមែនជារឿងដែលត្រូវតូចចិត្តដែរ តែបើយើងមិនខំប្រឹងទេ ទើបជាកំហុស។
សង្ឃឹមថាអនាគតប្អូនៗ នឹងបានប្រសើរទៅថ្ងៃក្រោយ បងជួយបានប៉ុណ្ណឹងតាមលទ្ធភាព ទោះមិនបានអ្វីច្រើន យ៉ាងហោចណាស់ក៏បានលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ប្អូនៗដែរ។”៕