មើលទៅពិតជាសប្បាយណាស់! អភិបាលរាជធានីភ្នំពេញ នាំភ្ញៀវទេសចរពីកប៉ាល់ Westerdam ជាង១០០នាក់ ដើរកម្សាន្ដនៅតាមមាត់ទន្លេ មុខព្រះបរមរាជវាំង និងទីតាំងទេសចរណ៍សំខាន់ៗ

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ ចំពោះ អ្នកដំណើរនៅលើនាវាទេសចរ ខ្នាតយក្ស WESTERDAM ដែលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដូចដែលបានសន្យា ព្រមទាំងទទួលយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់បំផុត ដែលសម្តេចបានអនុញ្ញាតឱ្យនាវាទេសចរខ្នាតយក្សនេះ ចូលចត ខណៈដែលប្រទេសចំនួន៥បដិសេធ ដោយសារភ័យខ្លាចជំងឺ Covid 19។

ទង្វើរទាំងអស់នេះហើយ ធ្វើឲ្យភ្ញៀវទេសចរទាំងនោះ បង្ហាញក្តីរំភើបរីករាយ ជាពន់ពេក ហើយមានភ្ញៀវទេសចរខ្លះ ពេលជួបជាមួយសម្តេចតេជោ ភ្លាម ពួកគាត់ស្រក់ទឹកភ្នែកផ្ទាល់តែម្តង ដោយសារតែរំភើបពេក ព្រមទាំងមានសារព័ត៌មានធំៗលើពិភពលោក ធ្វើការចុះផ្សាយ ព្រោងព្រាត អមជាមួយពាក្យពេជ្រ កោតសរសើរថែមទៀតផង ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេច។

ចំណែកនៅថ្ងៃនេះ បើយោងតាមរយៈគេហទំព័រ ក្រសួងព័ត៌មានបានប្រាប់ឲ្យដឹងថា “ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ វេស្ទើដាម​ ទស្សនកិច្ចនៅទូទាំងរាជធានីតាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។

​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សន កិច្ចនេះ នឹងនាំជនបរទេសចុះពីនាវា Westerdam ដែលមកសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេ មុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ដើម្បីបង្ហាញពីភាពរីកចំរើនរបស់រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មាន រោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរWesterdam ដឹកមនុស្សសរុបជាង ២ពាន់នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)”៕

Related posts

Leave a Comment