ភ្នំពេញ ៖ យាយយ៉យ ដែលជាម្ដាយរបស់នាយព្រែក បានទទួលការសរសើរ និងភ្ញាក់ផ្អើលមិនស្ទើរទេ ដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ក្រោយពីតារាជើងចាស់រូបនេះ បានគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតថតជាមួយកូនរបស់ខ្លួននោះ។
គេមិនដឹងនោះទេថា ការគ្រងឈុតបែបនេះរបស់យាយយ៉យ ធ្វើឡើងក្នុងកម្មវិធីអ្វី ហើយនៅទីកន្លែងណា ក្នុងគោលបំណងអ្វីនោះដែរ គ្រាន់តែដឹងថា ការស្លៀកពាក់បែបនេះធ្វើឲ្យមហាជនចាប់អារម្មណ៍ ខណៈដែលពិធីករ និងតារាសម្ដែងប្រុស នាយព្រែក ដែលជាកូនរបស់ខ្លួន មានដំណឹងលេចឮថា បានផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹងយ៉ាងភ្ញាក់ផ្អើលនោះ។
ម្យ៉ាងទៀតការស្លៀកពាក់បែបនេះពីសំណាក់យាយយ៉យ ក៏គេកម្របានឃើញនោះដែរ ធ្លាប់តែឃើញតារាជើងចាស់រូបនេះ គ្រងឈុតបែបបុរាណ ដល់គ្រងឈុតបែបជាកូនក្រមុំ ក្នុងយុគសម័យទំនើបបែបនេះ ពិតជាស្អាតប្លែកម្យ៉ាងដែរ ដោយមើលទៅស្រស់ស្អាត មិនចាញ់ក្រមុំៗ ដែលមានវ័យក្មេងនោះទេ។
ជុំវិញដំណឹងរបស់នាយព្រែក រឿងផ្ដាច់ពាក្យជាមួយគូដណ្ដឹងឯណោះវិញ រហូតមកទល់នឹងពេលនេះ ក៏មិនទាន់បានស្រាយបញ្ជាក់ពីសំណាក់សាមីខ្លួន ដើម្បីស្រាយមន្ទិលរបស់មហាជននោះដែរ។ គេរង់ចាំមើលថា តើនាយព្រែក ក្លាយហានហ៊ានបញ្ជាក់ការពិត ឲ្យមហាជនបានដឹង ឬយ៉ាងណា៕