ពួកគាត់មានសង្ឃឹមវិញហើយ! អភិបាលស្រុកបន្ទាយស្រី ប្រាប់ថា “គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ រួចបាត់ទៅហើយ, ខ្ញុំសម្រេចចិត្តម៉ៅទិញត្រសក់ផ្អែមទាំងអស់ ក្នុងចំការ យកមករ៉ាប់រងចែកចាយបន្តជូន ដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ…”

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី វ័យក្មេង បានបង្ហោះសារដ៏សែនរំភើបរីករាយមួយថា៖ “គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។

ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៏កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោនតៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈ មកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖

– ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣ (ពិសី)
– ទំនាក់ទំនងទិញនៅភ្នំពេញ៖ ០១២ ៥១៤ ៥៦៥ (បញ្ញាវឌ្ឍន៍)
– កន្លែងលក់រាយ៖ ផ្សារហេរីថេក សៀមរាប (ពីថ្ងៃទី១៨កុម្ភៈ២០២០)

ជួសមុខអោយសហគមន៍កសិករអ្នកដាំត្រសក់ផ្អែមបន្ទាយស្រី ខ្ញុំពិតជារំភើបចិត្តឥតឧបមាចំពោះកាយវិការឈឺឆ្អាល ស្រុះគ្នាជួយកសិកររបស់យើងក្នុងគ្រាលំបាកមួយនេះ។ អរគុណដែលបានចូលរួម អរគុណដែលបានជួយដោះស្រាយបញ្ហា។ សូមអោយស្មារតីខ្មែរជួយខ្មែរ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។”។

គួរបញ្ជាក់បន្តិចផងដែរថា នៅថ្ងៃនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី អំពាវនាវដល់បងប្អូនទាំងអស់គ្នា ជាពិសេសអ្នកខេត្តសៀមរាប ចូលរួមកម្មវិធីគាំទ្រត្រសក់បន្ទាយស្រី នៅផ្សារហេរីថេកវ៉កសៀមរាប អោយបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេស និងដើម្បីជួយស្រោចស្រង់ និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រីក្នុងគ្រាអាសន្នមួយនេះ៕

Related posts

Leave a Comment