នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុក “មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប” បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលទទួលបានមកពីម្ចាស់ហ្វេសប៊ុក Sithol Chheak ធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍កោតសរសើរយ៉ាងខ្លាំង ដោយពួកគេទាំងនោះនាំគ្នាប្រមូលសំរាមក្នុងប្រឡាយទឹកស្អុយ នៅស្វាយដង្គំ ក្រុងសៀមរាប ចំទិវានៃក្តីស្រឡាញ់ ម្សិលមិញនេះ។ ហ្វេសប៊ុក មន្ទីរសាធារណការ ក៏បានភ្ជាប់សារបញ្ជាក់ថា៖
““អនាម័យ នាំមកនូវសុខភាពល្អ” នេះគឺជាពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន បានដឹងឮស្ទើរគ្រប់ៗគ្នា។ ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ បញ្ហាអនាម័យមួយចំនួន ហាក់ដូចជាមិនសូវមានការប្រតិបត្តិ អោយបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។ ជាក់ស្តែង ការបោះចោលសំរាមពាសវាលពាសកាល ត្រូវបានគេប្រទះឃើញ ទាំងនៅរាជធានី ទីប្រជុំជន តំបន់រមណីយដ្ឋាន និងតំបន់ជនបទចុងកាត់មាត់ញក។
ការបោះចោលសំរាមនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ពីចំណេះដឹង មារយាទ និងការទទួលខុសត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ។ សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាទុកដាក់សម្រាមអោយមានរបៀបរាបរយ ដើម្បីទីក្រុងយើងស្អាត។ បញ្ជាក់: (ពួកគាត់បានប្រេីទឹកសំលាប់មេរោគលេីខ្លួនគាត់រួចហេីយ) Credit: Sithol Chheak (ស្វាយដង្គំ ក្រុងសៀមរាប)”៕