ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៥០ នាទីរំលងអាធ្រាត នៅចំណុចផ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ (ឆ្លងចរន្តអគ្គិសនី) ចំនួន ០១ខ្នងទាំងស្រុង ទីតាំងស្ថិតនៅ ផ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឆេះរោលចំនួន ០៥ខ្នង នៅក្នុងកិច្ចប្រតិបត្តិការនេះ បានជួយសង្គ្រោះមនុស្សសរុបចំនួន ០៥នាក់ (ក្មេង ០២នាក់)។
ក្នុងចំណោម បងៗសមត្ថកិច្ច ដែលខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីចូលទៅជួយសង្គ្រោះក្មេងៗ និងប្រជាពលរដ្ឋ ដោយមិនគិតគ្រោះថ្នាក់ដល់ខ្លួនឯង នោះ មានបងប្រុសម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Vichey Chhaya ក៏មានវត្តមាននៅទីនោះផងដែរ ហើយក៏បានធ្វើឲ្យភរិយាលោកពោលពាក្យទាំងភ័យថា៖
“យប់មិញពេលកំពុងមើល live របស់ tvfb ខ្ញុំក៏ភ័យមុនបាត់ទៅហើយ ព្រោះឃើញប្តីរត់ចូលទៅក្នុងផ្ទះកំពុងឆេះនោះដោយគ្មានឧបករណ៍ការពារអីសោះ ហើយមិនមែនទៅតែម្តងទេ គឺ២ទៅ៣លើក ដើម្បីយកក្មេងជាប់ក្នុងផ្ទះចេញអោយបាន គាត់ទៅម្តងហើយមិនអាចចូលបានគាត់នៅតែព្យាយាមចូលទៅទៀត រហូតអាចយកក្មេងចេញមកបានដោយសុវត្ថិភាព ពិតជាមានមោទនភាពលើបងណាស់ Vichey Chhaya”៕