នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក BTV Cambodia បានប្រាប់ឲ្យដឹងថា៖ “យោងតាមរូបភាពពីសារព័ត៌មានAP បានបង្ហាញថា មានអ្នកដំណើរជនជាតិអាមេរិកម្នាក់បញ្ជាក់ពីការសប្បាយរីករាយ, ដឹងគុណចំពោះកម្ពុជា ដោយលុតជង្គង់ និងលើកដៃសំពះក្បែរនាវាទេសចរណ៍Westerdam ដោយសារតែចិត្តមេត្តាធម៌របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍នេះចូលចត ខណៈដែលប្រទេសចំនួន៥បដិសេធមិនឱ្យចូលចត ដោយសារភ័យខ្លាចជំងឺCovid 19។”។
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរ នៅព្រឹកនេះ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជាសាធារណៈមួយ តាមបណ្តាញសង្គម Twitter អរគុណដល់កម្ពុជា ដែលបានឲ្យ នាវាទេសចរ ខ្នាតយក្ស WESTERDAM ចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ លោកបាន ភ្ជាប់នូវពាក្យពេជ្រ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖
“សូមអរគុណដល់ប្រទេសកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត ដែលបានអនុញ្ញតឲ្យនាវាទេសចរ Westerdam ចូលចតនៅកំពង់ផែ។ សហរដ្ឋអាមេរិក នឹងចងចាំពីកាយវិការមនុស្សធម៌នេះ”។
គួររំលឹកផងដែរថា កាលពីព្រឹក ម្សិលមិញនេះ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ ចំពោះ អ្នកដំណើរនៅលើនាវាទេសចរ ខ្នាតយក្ស WESTERDAM ដែលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដូចដែលបានសន្យា ព្រមទាំងទទួលយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់បំផុត។
ទង្វើរទាំងអស់នេះហើយ ធ្វើឲ្យភ្ញៀវទេសចរទាំងនោះ បង្ហាញក្តីរំភើបរីករាយ ជាពន់ពេក ហើយមានភ្ញៀវទេសចរខ្លះ ពេលជួបជាមួយសម្តេចតេជោ ភ្លាម ពួកគាត់ស្រក់ទឹកភ្នែកផ្ទាល់តែម្តង ដោយសារតែរំភើបពេក៕