អ្នកនាង ទូច ស្រីលក្ខណ៍៖ ដេកមិនលក់បក់មិនល្ហើយឆ្ងល់ហេតុអ្វីកម្ពុជាមិនបិទជើងហោះហើរពីចិន

ខណៈពេលដែលកម្ពុជាបានរកឃើញជនជាតិចិនម្នាក់ដែលមកពីទីក្រុងវ៉ូហាន ប្រទេសចិន មានផ្ទុកករណីវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ជាលើកដំបូងនោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងដោយខ្លាចជំងឺនេះបានរីករាលដាលច្រើនឡើង ខណៈដែលគេដឹងថាប្រជាជនចិនពីទីក្រុងវ៉ូហានបានមកកាន់កម្ពុជាមានចំនួនជាង ៣០០០ នាក់ ។

ការនេះក៏បានធ្វើតារាចម្រៀង ទូច ស្រីលក្ខណ៍ ដេកមិនលក់បក់ក៏មិនល្ហើយដែរ ព្រោះបារម្ភខ្លាំងខ្លាចមានការឆ្លងរាលដាលមកដល់ប្រជាពលរដ្ឋខ្មែរ ។ ជាមួយគ្នានោះដែរ តារាស្រី ទូច ស្រីលក្ខណ៍ ក៏បានបង្ហាញចម្ងល់មួយថា ហេតុអ្វីបានជាកម្ពុជាមិនបិទជើងហោះហើរបណ្តោះអាសន្នសិន ខណៈដែលកម្ពុជាកំពុងប្រឈមនឹងជំងឺនេះពីជនជាតិចិនទៅហើយនោះ ។

តារាស្រី ទូច ស្រីលក្ខណ៍ បានបង្ហាញក្តីបារម្ភ និង ចម្ងល់ដោយការសរសេរសារបង្ហោះចូលក្នុងបណ្តាញសង្គមជាសាធារណៈថា «មួយយប់ទល់ភ្លឺក ទាំងម៉ាក់ ប៉ា និង បងប្អូនជីដូន និង ជីតា អ៊ុំពូមីង យាតា របស់ខ្ញុំគ្រប់គ្នា សឹងតែគ្មាននរណាបានដេកទេ ព្រោះហួសចិត្តពេក គ្រប់បណ្តាលប្រទេសគេទល់ស្កាត់មិនឱ្យជើងហោះហើររបស់ប្រទេសចិនចូលប្រទេសគេទេ ព្រោះគេបារម្ភខ្លាចជំងឺតរីកដាលឆ្លងដល់ប្រជាជនគេ ព្រោះវាជាជំងឺតឆ្លងដ៏សាហាវណាស់មានដឹងទេ ហេតុអីបានជាប្រទេសកម្ពុជារបស់ខ្ញុំ ងាយស្រួលដល់ថ្នាក់ទាំងដឹងថាមានអ្នកផ្ទុកជំងឺតវីរុសកូរ៉ូណាមួយនាក់ហើយ ចុះហេតុម៉េចឡើយនៅតែមិនបិទជើងហោះហើររបស់ប្រទេសចិនសិនទៅលោកអើយ អាណិតប្រជាជនខ្មែរយើងទាំងអស់គ្នាផង មិនមែនជារឿងលេងសើចទេលើក អាយុជីវិតមនុស្ស» ។

អ្វីដែលតារាស្រី ទូច ស្រីលក្ខណ៍ បានលើកឡើងនេះ មានបំណងតែមួយគត់គឺចង់ការពារ និង បញ្ជៀសបងប្អូនខ្មែរ កុំឱ្យទទួលរងនូវការឆ្លងជំងឺផ្លូវដង្ហើមថ្មីដែលបង្កមកពីវីរុសកូរ៉ូណា ដែលមានលើជនជាតិចិនមួយចំនួនធំនោះ ។ ហើយនេះក៏ចាត់ទុកជាការអំពាវនាវដល់រដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធ សូមជួយពិចារណារក្នុងរឿងនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលទាំងអស់គ្នា ៕ ប្រភព៖ ប្រជាប្រិយ

Related posts

Leave a Comment