អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអរទីក្រុង ។
ជាពិសេសក្នុងគោលដៅដេីម្បីប្រែក្លាយក្រុងព្រះសីហនុ ឲ្យទៅជាទីក្រុងដ៏ទំនើបដែលមានសុខសុវត្ថិភាព សោភ័ណ្ឌភាពស្រស់បំព្រង និងមានបរិស្ថានល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែងផងដែរ។
ជាក់ស្ដែង ក្រោយម៉ោងរដ្ឋបាល ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យពន្លឿនការស្ថាបនាផ្លូវ និងការរៀបចំដាក់ប្រព័ន្ធលូទឹកស្អុយ ទឹកភ្លៀង តាមបណ្តោយផ្លូវឆ្នេរអូរត្រេះ ព្រមទាំងពិនិត្យការសម្អាតឆ្នេរអូរឈើទាល២ “អតីតឆ្នេរអារីស្តុន” និងឆ្នេរអូរត្រេះ
ដេីម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នាថ្ងៃខាងមុខនេះ។ សូមប្រជាពលរដ្ឋមកកំសាន្តតាមបណ្តាឆ្នេរទាំងអស់ សូមរក្សាអានាម័យ និងទុកដាក់សម្រាមអោយមានសណ្តាប់ធ្នាប់។ ឆ្នេរស្អាត អនាម័យបរិស្ថានល្អ មានផាសុខភាព និងទាក់ទាញភ្ញៀវទេសចរណ៍។