បងស្រី ប្រាប់ ថៅកែហាងពេជ្រ ថា៖ “កាល​រៀប​ការ​រួច ប្ដី​គាត់​រត់ម៉ូតូ​ឌុប ធ្វើ​កម្មករ​លីសែង មិន​ឱ្យ​គាត់​លំបាក​ចិត្ត ឱ្យ​នៅ​តែ​ផ្ទះ​ដាំ​បាយ​ហូប មើល​កូន, តែ​ក្រោយ​មកប្តី​ធ្លាក់​ខ្លួន​ឈឺ​សន្លាក់ ទើប​ដើរ​រើស​អេតចាយ មក​ចិញ្ចឹម​ប្ដី​វិញ គាត់​ថា​មិន​ចោល​គ្នា​ទេ ព្រោះ​ប្ដី​គាត់​មិន​ធ្លាប់​ធ្វើ​ឱ្យ​គាត់​ពិបាក​ចិត្ត” (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានបង្ហោះសារមួយថា៖ “ខ្ញុំ​រំភើប​ចិត្ត នឹង​ការ​តស៊ូ​របស់​បង​ស្រី​នោះ។ គាត់​ថា កាល​រៀប​ការ​រួច ប្ដី​គាត់​រត់ម៉ូតូ​ឌុប ធ្វើ​កម្មករ​លីសែង បាន​ជាង ១០​ឆ្នាំ មិន​ឱ្យ​គាត់​លំបាក​ចិត្ត ឱ្យ​នៅ​តែ​ផ្ទះ​ដាំ​បាយ​ហូប មើល​កូន។ តែ​ក្រោយ​មក គាត់​ក៏​ធ្លាក់​ខ្លួន​ឈឺ​សន្លាក់ ហើយ​បង​ស្រី​គ្មាន​អី​ធ្វើ ទើប​ដើរ​រើស​អេតចាយ មក​ចិញ្ចឹម​ប្ដី​វិញ គាត់​ថា​មិន​ចោល​គ្នា​ទេ ព្រោះ​ប្ដី​គាត់​មិន​ធ្លាប់​ធ្វើ​ឱ្យ​គាត់​ពិបាក​ចិត្ត”។

នៅថ្ងៃនេះ លោកស្រី ក៏បានបញ្ជាក់ឲ្យដឹងដែរថា៖ “ជីវិត​អើ​យ​ជីវិត! ប្ដី​ឈឺ​ងើប​លែង​រួច ៣​ឆ្នាំ​ហើយ គ្មាន​ទាំង​លុយ​ទៅ​ពេទ្យ ឯ​ប្រពន្ធ​វិញ​តស៊ូ​ដើរ​រើស​អេតចាយ មួយ​ថ្ងៃ​បាន​តែ ១០០០០រៀល យក​មក​ទិញ​ម្ហូប​ចិញ្ចឹម​ទាំង​ប្ដី និង​កូន ២​នាក់។ អា​ណិត​តែ​កូន​ៗ​ទេ អាយុ ៥ឆ្នាំ និង ៨​ឆ្នាំ​ហើយ មិន​ទាន់​បាន​ចូល​សាលា មិន​ដឹង​អនាគត​ទៅ​ជា​យ៉ាង​ណា។

នេះ​ដឹង​តាម​គេ​ប្រាប់ មិន​ទាន់​ជឿ ក៏​ចុះ​មក​មើល​ខ្លួន​ឯង ព្រោះ​នៅ​ជិត​ដែរ គីឡូលេខ៩ យើង​ហ្នឹង​ទេ។ ប្រពន្ធ​ប្រាប់​ថា កាល​មុន ប្ដី​រត់​ម៉ូតូ​ឌុប លី​សែង មិន​ដែល​ឱ្យ​គាត់​ធ្វើ​អី​ទេ ឱ្យ​នៅ​ផ្ទះ​ដាំ​បាយ។ តែ ឆ្នាំ​ក្រោយ ឈឺ​ដេក​លើ​គ្រែ ងើប​លែង​រួច ហើយ​គ្មាន​លុយ​ទៅ​ពេទ្យ ទើប​ដូច​រាល់​ថ្ងៃ​ហ្នឹង។ គាត់​វិញ ដើរ​រើស​អេត​ចាយ​ចឹង​ទៅ បាន​តែ ៥០០០ ទៅ ១០០០០​រៀល យក​មក​ទិញ​ម្ហូប​បន្ត​ជីវិត ៣​ឆ្នាំ​ហើយ។

ស្អែក​នេះ ខ្ញុំ​ឱ្យ​គេ​យក​គាត់​ទៅ​ពេទ្យ​ព្យាបាល​ហើយ មើល​ទៅ​គាត់​ប្រហែល​អាច​ជា ព្រោះ​គាត់​ឈឺ​​សន្លាក់ អី​ហ្នឹង ហើយ​គាត់​គ្មាន​លុយ​ទៅ​ពេទ្យ​បាន​ជា​ចឹង ឥឡូវ​ទិញ​ទូរសព្ទ​ឱ្យ​គាត់​មួយ​ទៀត ស្រួល​ឱ្យ​គេ​​ទាក់​ទង​សួរ និង​ជួយ​គាត់​ផង។

កូនៗ​គាត់ ទិញ​កង់​ឱ្យ​ម្នាក់​មួយ ទុក​លុយ​ឱ្យ​គាត់​ទិញ​សម្ភារៈ​សិក្សា ខោ​អាច ហើយ​ឱ្យ​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នឹង​គេ​ឆាប់ៗ​នេះ។ ខ្ញុំ​ជួយ​បាន​ប៉ុណ្ណឹង ហើយ​នៅ​តាម​ដាន​គាត់​រហូត​ដល់​គាត់​អាច​ជា។ បើ​ជួយ​គាត់​បាន​ម្នាក់ ដូច​ជួយ​គ្រួសារ​ទាំង​មូល ព្រោះ​កាល​មុន​គាត់​អ្នក​រក​លុយ។”៕

Related posts

Leave a Comment