ភ្នំពេញ ៖ ពាក្យចាស់ពោលថា (ស្គាល់មុខមាត់ តែមិនស្គាល់ចិត្ត) វាពិតជាត្រឹមត្រូវណាស់ ហើយពាក្យអប់រំប្រៀនប្រដៅរបស់មនុស្សចាស់ គឺពួកគាត់បានឆ្លងកាត់រាល់ល្បិចកលបោកប្រាស់ពីជនអាក្រក់ មុនមនុស្សជំនាន់ក្រោយ។
ជាក់ស្ដែង មានករណីបទល្មើសមួយបានកើតឡើងដូចពាក្យចាស់ទូន្មានមែន ដោយយុវជនម្នាក់ អស់ទ្រព្យសម្បត្តិពីខ្លួន ព្រោះតែមិត្តស្និទ្ធស្នាលខ្លួនឯង ប្រើល្បិចកលបោកប្រាស់យកម៉ូតូទំនើបអស់មួយគ្រឿងបានសម្រេច។ ប៉ុន្តែមិត្តកំហូចនោះ ក៏ត្រូវបានបង្ហាញមុខមាត់ពិតឲ្យមហាជនស្គាល់វិញផងដែរ។
ពាក់ព័ន្ធនឹងករណីខាងលើនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញអះអាងឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត ក្រោយពីធ្វើការចាប់ខ្លួនជាក់ស្ដែងតាមបណ្តឹងរបស់ភាគីរងគ្រោះរួចមក។
តាមការឲ្យដឹង មិត្តកំហូចដែលស៊ីដាច់ម៉ូតូមិត្តភ័ក្ដិនោះ ឈ្មោះ ជុំ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាឃាត់ខ្លួន កាលពីថ្ងៃទី២៧សីហា នាវេលាម៉ោង១៣និង៣០នាទី បន្ទាប់ពីរូបគេបានខ្ចីម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ 1HE-8168 របស់ឈ្មោះ ភឿន សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជាមិត្តភ័ក្ដិធ្វើការជាមួយគ្នា។
ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២៤សីហា វេលាម៉ោង១២និង២០នាទី ចំណុចច្រកចូលផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថា ជិះយកទៅដក់លុយនៅធនាគារ អេស៊ីលីដា មួយភ្លែត។ ពេលបានម៉ូតូហើយ ជនកំហូចបានជិះ ទៅណាហ្កាវើល ហើយយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំបានតម្លៃ៨០០ដុល្លារអាមេរិក។ បន្ទាប់មកយកលុយនោះទៅលេងល្បែងហ្គេមបាញ់ត្រីនៅកោះពេជ្រ ចាញ់អស់។
ក្នុងនោះដែរ ក្រោយអស់លុយពីខ្លួនហើយ ជនសង្ស័យបានគេចខ្លួនទៅពួននៅផ្ទះមិត្តភ័ក្ដិ នៅម្តុំវិមានឯករាជ្យ ព្រមទាំងបិទទូរស័ព្ទ ដើម្បីកុំឲ្យជនរងគ្រោះខលចូល និងរករូបគេឃើញ។ ប៉ុន្តែទោះបីខំលាក់ខ្លួនយ៉ាងណាក៏ដោយ ក៏មនុស្សកំហូចនោះ នៅតែត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ដដែល៕