កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ ភួង តេងសុន បានបង្ហោះរូបអ៊ុំប្រុសម្នាក់ ដែលជាជាងគំនូរដ៏ល្បីល្បាញម្នាក់ ក្នុង ទសវត្ស ឆ្នាំ៨០ និង៩០ ដោយគូររូប ប៉ាណូ (Banner) រឿងកុន តាមរោងកុននានា ក្នុងរាជធានីភ្នំពេញ និងសរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ។ ម្ចាស់ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖
“អ៊ុំប្រុសម្នាក់នេះគឺជាជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០។ គាត់ជាជាងគំនូរដែលគូររូបប៉ាណូ (Banner) រឿងកុន តាមរោងកុននានាក្នុងរាជធានីភ្នំពេញ សរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ពត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ ។ល។ លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាស។
ដោយសារបច្ចេកទេសនៃការបោះពុម្ពកាន់តែទំនើប ចំនេះជំនាញ ភាពបុិនប្រសព្វ និងទេពកោសល្យរបស់គាត់ស្ទើរតែគ្មាននរណាម្នាក់បានស្គាល់ ត្រូវបានបំភ្លេច និងបោះបង់។ ប៉ុន្តែដោយសារតែការស្រលាញ់ពេញចិត្តនូវចំណេះជំនាញរបស់ខ្លួន គាត់នៅតែបន្តធ្វើការងារនេះ ទោះបីមិនសូវមានការគាំទ្រយ៉ាងណាក៏ដោយ។
សព្វថ្ងៃគាត់មានកូនតុដ៏តូចមួយនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្ការ ចាំទទួលការងារដូចជាសរសេរសារជូនពរ ឬសាររំលែកទុក្ខ ដែលខាងអ្នកលក់ផ្ការ ឬក៏អតិថិជនចាស់ៗប្រគល់អោយ។ កម្រៃដែលគាត់យកពីអតិថិជនគឺថោកស្ទើរតែមិនជឿ។ បើលោកអ្នកបានទៅកាន់ផ្សារធំថ្មី គួរចំណាយពេលត្រឹម៥ ទៅ ១០ នាទី មើលការងាររបស់គាត់ លោកអ្នកនឹងកោតសរសើរជាក់ជាមិនខាន។”៕