ឯកឧត្តម គួច ចំរើន៖ ពូពិតជាសូមកោតសរសើរយ៉ាងក្រៃលែងនូវសកម្មភាព ដ៏ល្អប្រពៃរបស់ក្មួយទាំងពីរ

អភិបាលខេត្ដព្រះសីហនុ ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចមកកាន់ដំណែង អភិបាលខេត្ដព្រះសីហនុ រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងអំណរសាទរជាខ្លាំង ចំពោះចំណាត់ការ ក្នុងការកែលំអរទីក្រុង ដែលស្ថិតនៅជាប់មាត់សមុទ្រនេះ អោយប្រែខ្លួន មកមានសម្រស់កាន់តែស្រស់ស្អាតវិញផងដែរ។

ទន្ទឹមនឹងនេះដែរ ពាក់ព័ន្ធទៅនឹងបញ្ហាសោភ័ណ្ឌភាពឆ្នេរសមុទ្រឯណោះវិញ ជានិច្ចកាលយើងតែងតែឃើញ ឯកឧត្ដម គួច ចំរើន បានយកចិត្ដទុកដាក់ខ្លាំងបំផុត ដោយបានចុះទៅជួប និងចែកថវិកាទៅដល់បុគ្គលិកអនាម័យ នៅឆ្នេរអូឈើទាលជាដើម ដើម្បីជាការលើកទឹកចិត្ដទៅដល់ពួកគាត់ ដែលបានខិតខំសំអាតឆ្នេរ អោយមានសោភ័ណ្ឌភាពស្អាតជានិច្ច។

ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញក្រុមយុវជនមួយចំនួន បាននឹងកំពុងតែចូលរួម ក្នុងសកម្មភាពខាងលើនេះដែរ។ ជាក់ស្ដែង ដូចយុវជនម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Bonvongsaranyou Rith បានធ្វើឲ្យមហាជន ក៏ដូចជាឯកឧត្ដម គួច ចំរើន ផ្ទាល់មានការកោតសរសើរអំពីសកម្មភាពពួកគាត់យ៉ាងខ្លាំង ព្រោះតែគាត់បានចំណាយពេលវេលាដ៏មានតម្លៃ ជាមួយមិត្ដភក្ដិរបស់គាត់ម្នាក់ទៀត បានដើររើសសំរាមនៅឆ្នេរ អូឈើទាល បានរហូតទៅដល់ ៣បាវឯណោះ។

ក្នុងសកម្មភាពដ៏ល្អក្រៃលែងរបស់យុវជន២រូបខាងលើនេះ បានធ្វើឲ្យឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុ បានបង្ហោះសារមួយឃ្លាថា៖”ពូពិតជាសូមកោតសសេីរ​យ៉ាងក្រៃលែងនូវសកម្មភាពដ៏ល្អប្រពៃ​ និងគម្រូរបស់ក្មួយទាំងពីរក្នុងការសម្អាតឆ្នេរអូរឈេីទាលអោយស្រស់បំព្រងកាលពីរសៀលនេះ។ ពូសូមលេីកទឹកចិត្តអោយមានសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត​ ដេីម្បីអោយឆ្នេរសមុទ្រយេីងកាន់តែមានសោភណ៍ភាព​។ ឆ្នេរសមុទ្រ​ស្អាតផ្តេីមចេញពីយេីងទាំងអស់គ្នា”។

Related posts

Leave a Comment