សូមចូលរួមរំលែកទុក្ខផង!! កវីនិពន្ធអក្សរសិល្ប៍ខ្មែរ និងជាអ្នកដឹកនាំរឿងកាកី ដ៏ល្បីល្បាញ បានទទួលមរណៈភាពហើយ

វីរសិល្បករព្រឹទ្ធាចារ្យ ប៊ីវ ឆៃលាង បានទទួលមរណភាពនៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៥៥នាទី រំលងអាធ្រាត នាគេហដ្ឋានរបស់លោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ ។នៅ​សម័យ​ឯករាជ្យ លោក​ប៊ីវ ឆៃ​លាង ជា​អ្នក​និពន្ធ​មួយ​រូប​ដ៏ល្បី​ល្បាញ​ខ្លាំង​ក្លា ។ លោក​កើត​នៅ​ថ្ងៃ​៤ ខែ​តុលា ឆ្នាំ​១៩៣០ ក្នុង​ភូមិ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម ។

លោក​ជា​អ្នក​បង្កើត​សមាគម​អ្នក​និពន្ធ​ខ្មែរ ជាមួយ​មិត្ត​អ្នក​និពន្ធ​ខ្មែរ​ទៀត​នៅ​ឆ្នាំ​១៩៥៦ និង​ធ្លាប់​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​អភិបាល​ចំនួន​២លើក។ ពី​ឆ្នាំ​១៩៥១ ដល់ ១៩៦៧ លោក​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​១៨​ប្រលោម​លោក និង​រឿង​ល្ខោន និង​បាន​ក្លាយ​ជា​ចាងហ្វាង​ផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយ​លោក​យក​ប្រលោម​លោក​ជា​ស្នាដៃ​ផ្ទាល់​ទៅ​ថត​ជា​ខ្សែ​ភាពយន្ត ។

ក្រោយ​ពី​ស្រុក​ខ្មែរ​ធ្លាក់​ក្នុង​រដ្ឋអំណាច​ខ្មែរក្រហម គឺ​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​១៩៧៦ លោក​បាន​មក​រស់​នៅ​ប្រទេស​បារាំង ហើយ​ក៏​ចាប់​ផ្ដើម​សមាគម​វប្បធម៌​មួយ​មាន​នាម​ថា ឥន្ទ្រាទេវី ដោយ​មាន​ក្រុម​របាំ​ប្រជាប្រិយ និង​បុរាណ ហើយ​បាន​សម្ដែង​រហូត​មក​ដល់​ឆ្នាំ​១៩៩៣ ចំនួន​១១៤លើក នៅ ប្រទេស​បារាំង​និង​អឺរ៉ុប​និង​ក្នុង​មហោស្រព​អន្តរជាតិ ។ លោក​បាន​បោះ​ពុម្ព​ឡើង​វិញ​នូវ​ប្រលោមលោក​ណា​ដែល​លោក​បាន​រក​ឃើញ​នៅ​បណ្ណាគារ​នានា នៅ​ប្រទេស​បារាំង​និង​នៅ​សហរដ្ឋអាមេរិក ហើយ​ពិត​មែន​តែ​លោក​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​ក៏​ដោយ លោក​នៅ​តែ​រក្សា​ខ្ជាប់​នូវ​ការ​និពន្ធ​ត​ទៅ​ទៀត ។

ស្នាដៃភាពយន្តជាច្រើនរបស់លោកសុទ្ធសឹងតែមានឈ្មោះល្បីល្បាញពេញប្រទេសកម្ពុជានិងនៅបរទេសយ៉ាងច្រើនអស្ចារ្យ ហើយខ្សែភាពយន្តទាំងនោះនៅតែដក់ជាប់ក្នុងចិត្តប្រជាទស្សនិកជនគ្រប់រូបដោយមានជាអាទិ៍ដូចជា ៖ រឿង កងកម្មកងកែវ , កាកី , នាងសក់ក្រអូប , ព្រះនាងពិម្ពាសរជាតិ , ទាវឯក , ការកេត , កាលណាផ្ការីក , ព្រះមហាមោគ្គលានជាដើម ។

ការបាត់បង់នេះជាការសោកស្តាយរកអ្វីប្រៀបផ្ទឹមមិនបាន នូវព្រឹទ្ធចារ្យរៀមច្បងដែលមានស្នាដៃកំពូលមួយរូបក្នុងវិស័យអក្សរសាស្រ្ត និងភាពយន្តខ្មែរ ៕

Related posts

Leave a Comment