ឈានចូលឆ្នាំថ្មី ២០២០ មិនទាន់បានប៉ុន្មានផង ពេលនេះតារាសម្តែងរៀមច្បង ប៉ែន សុផានី បានធ្វើពិធីឡើងគេហដ្ឋានថ្មី ដែលមានទីតាំងនៅបុរីពិភពថ្មីចម្ការដូង ដែលមានតម្លៃប្រមាណជា ២០ ម៉ឺនដុល្លារ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើននាក់ ។ អ្វីដែលធ្វើឱ្យគេមានការចាប់អារម្មណ៍នោះ ពេលនេះ តារាសម្តែងរូបនេះ ក៏មានងារជាជំទាវផងដែរ ។ មហាជនជាច្រើនបានសម្តែងការសាទរចំពោះ ប៉ែន សុផានី ។
ប៉ែន សុផានី បានរៀបចំពិធីឡើងគេហដ្ឋានថ្មី កាលពីថ្ងៃទី ០៥ យប់មិញនេះ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈថ្មី ចាស់ចូលរួមជាច្រើន ។ មានការអបអរសាទរដល់អ្នកនាង បែ៉ន សុផានី សម្រាប់សមិទ្ធិផលថ្មីនៅក្នុងឆ្នាំ ២០២០ នេះ ។ ក្នុងនាមជាម្ចាស់កម្មវិធីអ្នកនាង ប៉ែន សុផានី បានតុប តែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងសំពត់ចងក្បិន និង មានទឹកមុខញញឹមដោយឃើញមានមិត្តភក្តិជាច្រើនចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់នាង ។ បើតាមដឹងផ្ទះនេះគឺ ប៉ែន សុផានី ទិញក្នុងតម្លៃប្រមាណជា ២០ ម៉ឺនដុល្លារផងដែរ ។ ដោយសារ ប៉ែន សុផានី កម្រមានកម្មវិធីទើបនៅពេលមានកម្មវិធីម្តងមានតារាជាច្រើនចូលរួមក្នុងមានដូចជា សុវណ្ណាឡាង ចាន់ ស្រីរ័ត្ន រៀម ចាន់បូរមី ញឹម ចាន់ថនលោក ប៉ែន ចំរ៉ុង រួមនឹងតារាស្រីប្រុសជាច្រើនថែមទៀត ។
ទោះបីជាមានវ័យជ្រេនៅក្នុងសិល្បៈបន្តិចក៏ពិតមែន តែ បែ៉ន សុផានី នៅតែមានសម្រស់ស្រស់ស្អាត និង មានទីផ្សារការងារទូលាយ ដោយអ្នកនាងលេចមុខនៅក្នុងរឿងភាគជាបន្តបន្ទាប់ ។ ក្រោយពីអ្នកនាងបានភ្ជាប់ស្នេហ៍ជាមួយឧត្តមសេនីយ៍ផ្កាយពីរ ដែលពេលនេះមានងារជាជំទាវទៅហើយនោះ ប៉ែន សុផានី បានបញ្ជាក់ថា នឹងកាត់បន្ថយការងារសិល្បៈដោយងាកមកបំពេញតួនាទីជាស្រ្តីមេផ្ទះឱ្យបានច្រើនទៅតាមបំណងស្វាមី ។ យ៉ាងណាអ្នកនាងមិនចោលសិល្បៈទេ ព្រោះជាអាជីពដែលស្រឡាញ់ ហើយទម្រាំមានថ្ងៃនេះ អ្នកនាងប្រឹងប្រែងខ្លាំងណាស់។