កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ទ្រឿង សុះសាយ បានបង្ហាញអារម្មណ៍រំជួលចិត្តមួយក្នុងហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យគ្រប់គ្នាអានហើយ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ព្រោះតែក្តីអាណិតដល់ជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុ បាក់រំលំ អគារ កម្ពស់ ៧ ជាន់ នៅខេត្តកែប។ ហ្វេសប៊ុកដដែលនេះបញ្ជាក់ថា៖
“អ្នកគ្រូ លោកគ្រូបានត្រឹមតែទៅប្រមូលសៀវភៅនិងកិច្ចការដែលកូនធ្វើរួចរាល់ ពីគំនរសាកសព ស្រណោះណាស់ទោះ ឪពុកម្តាយជាកម្មករសំណង់តែកូនៗខំប្រឹងរៀនជាក្មេងល្អណាស់”។ គួរបញ្ជាក់ឡើងវិញថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ ម្សិលមិញនេះ ការរុករកជនរងគ្រោះ ពីការបាក់រលំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ នៅសល់តែការងារសម្អាតសំណល់ផ្សេងៗតែប៉ុណ្ណោះ។
ចំពោះរបាយការណ៍ចុងក្រោយ របស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា ជនរងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរងគ្រោះដែលស្លាប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរងរបួសចំនួន២៣នាក់ (ស្រី៨នាក់)។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ ៕