នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកឈ្មោះ “ភិក្ខុ ឈុន នីន” បានបង្ហោះរូបភាពដ៏គួរឲ្យខ្លោចចិត្តមួយ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា ៖ “មើលរូបភាពនេះទៅធ្វើអោយខ្ញុំទប់ទឹកភ្នែកមិនជាប់ មួយគ្រួសារគាត់ស្លាប់ទាំងអស់ដោយសារបាក់អគារនៅខេត្តកែប សូមអោយពួកគាត់ទៅកាន់សុគតិភពផងចុះ”។ ហ្វេសប៊ុកដដែលនេះបានបញ្ជាក់បន្ថែមថា ក្រុមគ្រួសារនេះ រស់នៅខេត្តកំពង់សោម។
គួរបញ្ជាក់បន្ថែមថា ការរុករកជនរងគ្រោះ ពីការបាក់រលំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ នៅសល់តែការងារសម្អាតសំណល់ផ្សេងៗតែប៉ុណ្ណោះ។ ចំពោះរបាយការណ៍ចុងក្រោយ របស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា ជនរងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរងគ្រោះដែលស្លាប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរងរបួសចំនួន២៣នាក់ (ស្រី៨នាក់)៕