ខេត្តកែប៖ ការរុករកជនរងគ្រោះ ពីការបាក់រលំអគារ នៅក្នុងក្រុងកែប បានបិទបញ្ចប់ហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២០នេះ នៅសល់តែការងារសម្អាតសំណល់ផ្សេងៗតែប៉ុណ្ណោះ។ ចំពោះរបាយការណ៍ចុងក្រោយ របស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា ជនរងគ្រោះសរុប មានចំនួន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះជនរងគ្រោះដែលស្លាប់មានចំនួន៣៦នាក់ (ស្រី១៤នាក់) និងអ្នកនៅមានជីវិតដែលរងរបួសចំនួន២៣នាក់ (ស្រី៨នាក់)។
ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺ សុនខ សម្បុរពណ៌ខ្មៅមួយក្បាល ពិតជាមានសំណាងខ្លាំងណាស់ ដែលនៅរស់ ហើយត្រូវបាន ក្រុមជួយសង្គ្រោះ ជួយយកចេញមកក្រៅ ពីក្រោមអគារបាក់រលំ នៅជាន់ក្រោមបង្អស់។
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ មានករណីដ៏រន្ធត់មួយ គឺ អគារធ្វើពីស៊ីម៉ង់បេតុង សសៃដែក កម្ពស់៦ជាន់ថ្មីនេះ បានបាក់រលំ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់ នៅក្នុងនេះ បាក់រលំ៕