ភ្នំពេញ ៖ និស្សិតអាហារូបករណ៍ខ្មែរ ហុង ភារិន ស្របពេលកំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយបញ្ចេញសមត្ថភាពពិសេសក្នុងកម្មវិធីថៃ SUPER 100 នោះ ស្រាប់តែពេលនេះ ក៏ទទួលបានដំណឹងល្អមួយភ្លាមពីឧកញ៉ានួន អក គឺលោកឧបត្ថម្ភថវិកា១ពាន់ដុល្លារដល់និស្សិតរូបនេះ។
នៅថ្ងៃទី៣០ ខែសីហានេះ ឧកញ៉ា នួន អក បានប្រកាសតាមផេកផ្លូវការរបស់ខ្លួនដូច្នេះថា «កូនខ្មែរពិតជាអស្ចារ្យ!ខ្ញុំពិតជាមានមោទនភាពជាខ្មែរដូចគ្នា។ សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វើតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment»។
ឧកញ៉ា នួន អក បានបន្តថា «ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(1000$)ផងដែរ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត»។
ជាមួយគ្នានេះ លោកក៏បានប្រកាសជូនដំណឹងដល់និស្សិតហុង ភារិន ផងដែរថា «ប្រសិនជាប្អូនបានទទួលព័ត៌មានពីខ្ញុំតាមរយៈfacebook page (ឧកញ៉ា នួន អក oknha nourn ork)នេះ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 010 999 658 077 999 658 ដើម្បីទទួលថវិកានេះ។ សូមអរគុណ»៕