អតីតបេក្ខជន និងជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Cambodia Idol រដូវកាលទី១ លោក នី រតនា ពិតជាទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់មហាជនជាច្រើន ដោយតារាចម្រៀងរូបនេះតែងតែឃេីញមានបទថ្មីៗជាច្រេីនបានចេញជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យតារាចម្រៀងរូបនេះទទួលបាននូវភាពលេចធ្លោដូចសព្វថ្ងៃនេះ។
ជាមួយនឹងភាពជោគជ័យក្នុងវិស័យសិល្បៈនេះដែរ លោកនី រតនា ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដ៏ស្រស់ស្អាត ដែលមានភាពរួសរាយរាក់ទាក់ និងគួរឲ្យស្រលាញ់ថែមទៀតផង មានឈ្មោះថា ហេង សុវណ្ណភក្ដិណា ដែលអ្នកទាំងពីរពិតជាគូស្នេហ៍ដ៏សាកសមឥតខ្ចោះតែម្តង មិនថារូបសម្រស់ អត្តចរិត និងទ្រព្យធន់នោះទេ។
ក្នុងនោះដែរ គេសង្កេតឃើញថា បន្ទាប់ពីរៀបការរួច អ្នកទាំងពីរបានមានដំណើរកម្សាន្តជាច្រើន និងបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងស្អិតរមួត និងមានសុភមង្គលជាខ្លាំងទៅកាន់មហាជន ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ភរិយារបស់លោកក៏កំពុងតែមានទំងន់ទៀតផង ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់នេះហេីយ។
យ៉ាងណាមិញ នៅថ្ងៃនេះដែរគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀង នី រតនា ក្នុងនោះដែរ ភរិយាជាទីស្រឡាញ់របស់លោកអ្នកនាង ហេង សុវណ្ណភក្ដិណា ក៏មានជាកាដូខ្សែដៃដាំពេជ្រ ដោយមានឈ្មោះរូបលោកផ្ទាល់ជូនដល់ស្វាមីខ្លួនផងដែរ ។ ជាមួយគ្នានេះដែរ តារាចម្រៀងសម្លេងផ្អែមរូបនេះក៏មានជាពាក្យពេចន៍រៀបរាប់ផងដែរថា៖
«ថ្ងៃនេះជាថ្ងៃកំណេីតរបស់ខ្ញុំ ប៉ុន្តែឆ្នាំនេះមិនបានធ្វេីកម្មវិធីអ្វីនោះទេ ព្រោះជាប់រវល់ការងារដែលត្រូវបំពេញ តែយ៉ាងណាក៏មិនភ្លេចអរគុណប្រពន្ធសម្លាញ់របស់ខ្ញុំ ដែលបាន surprise កាដូដ៏ពិសេសដល់បង ជូនពរអូនហេីយនិងកូនសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្អាត និងស្រលាញ់បងអោយច្រេីនៗ»។