ឮ១០០០ដង មិនស្មើឃើញផ្ទាល់ម្តងមែន! អច្ឆរិយភាព នៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូ នៃប្រទេសកម្ពុជា, ភាពអស្ចារ្យ នៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ (មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានទៅឃើញផ្ទាល់ នៃទិដ្ឋភាពទូទៅ សាលាបឋមសិក្សាវត្តបូព៌ ធ្វើឲ្យលោកលាន់មាត់ថា “សាលាបឋមសិក្សាវត្តបូព៌ សាលាគំរូប្រចាំប្រទេសកម្ពុជា ពិតជា ឮ១០០០ដង មិនស្មើឃើញផ្ទាល់ម្តងមែន។ ដោយក្តីគោរព ចំពោះលោកគ្រូនាយក ពឹង គិមឆេន”។

អភិបាលស្រុកបន្ទាយស្រី រូបនេះបន្តថា “អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា!

ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរហើយ ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។ មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន បានប្រាប់ខ្ញុំថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។ មិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ (តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦) និងភាពជាអ្នកដឹកនាំប្រកបដោយភាពឆ្នៃប្រឌិត និងម៉ត់ចត់ ខ្ពស់បំផុតរបស់លោកគ្រូនាយក ស័ក្តិសមជាសាលាគំរូប្រចាំប្រទេសកម្ពុជា។

លោកគ្រូបានសួរខ្ញុំថា ថវិការដ្ឋរបស់សាលានេះ មានទំហំប្រហាក់ប្រហែលគ្នា នឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? ខ្ញុំគិតថា ចម្លើយគឺស្ថិតនៅលើភាពឆ្នៃប្រឌិត សមត្ថភាពគៀងគរធនធានបន្ថែមពីខាងក្រៅ និងការជំរុញអោយមានការចូលរួម ដើម្បីសម្រេចចក្ខុវិស័យរបស់លោកនាយក។ ខ្ញុំពិតជាអរគុណលោកគ្រូចំពោះសំនួរនេះ ព្រោះវាជាសំនួរដែលបានបើកចំហការគិតរបស់ខ្ញុំ ផ្លាស់ប្តូរឥរិយាបទ និងការយល់ឃើញទៅលើទំហំ មានកំណត់នៃថវិកាអភិវឌ្ឍន៍របស់ស្រុក និងរំលឹកពីតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំស្ថាប័នមួយរូប ដែលទាមទារអោយមានភាពឆ្នៃប្រឌិត និងចេះគៀងគរការចូលរួម ដោយមិនពឹងផ្អែកតែទៅលើថវិកាដែលមាននៅក្នុងដៃ តែមួយមុខនោះទេ។”៕

Related posts

Leave a Comment