ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ច្បាស់រួចមកហេីយ លោក តាន់ គីមសួរ ដែលជាបុគ្គលដ៏គំរូម្នាក់នៅក្នុងសង្គម និងជាផលិតករទីមួយ ដែលផលិតវីដេអូពន្ញាក់អារម្មណ៍នៅក្នុងស្រុកខ្មែរ ដែលរាល់វីដេអូនីមួយៗគឺធ្វើឡេីងក្នុងន័យអប់រំ ដោយទទួលបាននូវការគាំទ្រពីមហាជនជាច្រើន។
ទន្ទឹមនឹងនេះដែរ លោក តាន់ គីមសួរ ក៏តែងតែបង្ហាញពីទស្សនៈ និងការឈឺឆ្អាលរឿងរ៉ាវក្នុងសង្គមនានា ហើយថែមទាំងបាន បង្ហាញពីទង្វើ ក្នុងការចូលរួមជាកំលាំង និងថវិកា ចំពោះកិច្ចការងារសប្បុរសធម៌ជាច្រើន ដោយមិនគិត និងទទួលបានផលប្រយោជន៍ពីអំពើទាំងអស់នោះមកវិញសូម្បីតែបន្តិចនោះឡេីយ ពិតជាគួរឲ្យកោតសរសើរណាស់។
ជាក់ស្ដែង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ លោក តាន់ គីមសួរ បានមានការលេីកឡេីងនៅលេីទំព័រហ្វេសបុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ៖«ឱកាសក្នុងការយកមុខបានមកដល់ទៀតហើយ យុទ្ធនាការ២០២០នេះគឺធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងជាមួយទីផ្សារដែលពោរពេញទៅដោយភាពអយុត្តិធម៌សម្រាប់ប្រជាកសិករដាំបន្លែ។
ខ្ញុំបាទ តាន់ គឹមសួរ និងលោក ប៉ែន ចំរុង រួមទាំងក្រុមការងារនឹងធ្វើយ៉ាងណាពង្រឹងទីផ្សារតម្លៃបន្លែដែលគ្មានជាតិគីមីតាមលទ្ធភាពដែលអាចធ្វើបាន ថវិកាចំណេញមួយចំនួនធំដែលទទួលបានពីការលក់បន្លែនឹងបង្វិលចូលមូលនិធិដាំកូនឈើនិងអភិវឌ្ឍសហគមន៍។ បើយើងមិនគិតគូពីប្រជាជននិងប្រយោជន៍របស់សង្គមជាតិយើង តើចាំឲ្យអ្នកណាមកគិតគូជំនួស? សង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រ»។