សេចក្ដីជូនដំណឹង​បន្ថែម​ពី​ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី​១២ ឈ្មោះ ប៉ូ​ឌុល ​និង​ការ​ហក់​ឡើងជា​ថ្មី ​នៃ​ទឹកទន្លេ​មេគង្គ​

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​៣០​ ខែ​សីហា ឆ្នាំ​២០១៩​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ​៖
ព្យុះ​ទី១២ ឈ្មោះ​ប៉ូ​ឌុល ( PODUL ) ដែល​បាន​កើត​ឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ព្រឹក​ថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៩ បាន​រំកិល​ខ្លួន​ឆ្លង​កាត់​ប្រទេស​ហ្វីលីពីន ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ កាលពី​វេលា​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ នេះ ព្យុះ​ប៉ូ​ឌុល បានធ្វើ​ដំណើរ​មកដល់​តំបន់​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​កណ្តាល។​ ចំណែក ទឹកទន្លេ​មេគង្គ មានការ​ហក់​ឡើងជា​ថ្មី​ផងដែរ។យោងតាម​ការ​ព្យាករ ឥទ្ធិពល​របស់​ព្យុះ​ប៉ូ​ឌុល នឹង​បង្ក​ឲ្យ​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៣០ ខែ​សីហា ដល់​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ មាន​ស្ថានភាព​ដូច​ខាង​ក្រោម ៖
-បណ្តា​ខេត្ត​នៅ​តំបន់ឆ្នេរ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់។ នៅលើ​លំហ​សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង និង​ខ្យល់​បក់បោក​ខ្លាំង រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ។
-តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។
-រាជធានី និង​បណ្តា​ខេត្ត​មួយចំនួនទៀត មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ។​ ឥទ្ធិពល​របស់​ព្យុះ ប៉ូ​ឌុល នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផងដែរ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ នឹង​បង្ក​ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ជាថ្មី​ម្តងទៀត។ យោងតាម​ការ​ព្យាករ ទឹកទន្លេ​មេគង្គ អាច​នឹង​ហក់​ឡើងដល់ ៖
-ស្ថានីយ​ជលសា​ស្ត្រ​ខេត្តស្ទឹងត្រែង ​៖ ទឹក​អាច​កើន​ឡើងដល់​កម្ពស់១០,៥០ ម៉ែត្រ ( កម្ពស់ ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ )
-ស្ថានីយ​ជលសាស្ត្រ​ខេត្តក្រចេះ​ ៖ ទឹក​អាច​កើន​ឡើងដល់​កម្ពស់ ២១,០០ ម៉ែត្រ ( កម្ពស់ ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ )
-ស្ថានីយ​ជលសា​ស្ត្រ​ខេត្តកំពង់ចាម ​៖ ទឹក​អាច​កើន​ឡើងដល់​កម្ពស់ ១៣,៥០ ម៉ែត្រ ( កម្ពស់ ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )
-ស្ថានីយ​ជលសា​ស្ត្រ បាសាក់ ចតុមុខ នៅ​រាជធានី​ភ្នំពេញ​៖ ទឹក​អាច​កើនឡើង​ដល់ កម្ពស់៨,០០ ម៉ែត្រ ( កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ ) ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​នេះ និង​ស្ថានភាព​ទឹកទន្លេ​ជាប់​ជាប្រចាំ ហើយនឹង​ធ្វើ​ការ​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​ចាំបាច់។

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ​សមុទ្រ ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយ​ថាហេតុ៕
ដោយ ៖ ​ឌួង​វិ​រះ​ជ័យ

Related posts

Leave a Comment