កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនអ្នកប្រេីប្រាស់បណ្តាញសង្គមជាច្រើន បានមានការរិះគន់ជាខ្លាំងចំពោះកីឡាការិនីបាល់ទាត់មួយរូបក្នុងខេត្តកំពង់ឆ្នាំង ខណៈដែលកីឡាការិនីរូបនេះទទួលបានស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា តែអ្វីដែលហួសចិត្តនោះ ប្រាក់រង្វាន់បានត្រឹមតែ ១០មុឺនរៀលទៅវិញ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ និយាយដេីមកីឡា បានមានការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖«ប្រាក់រង្វាន់ មួយរយពាន់រៀល សូមចូលរួមអបអរសាទរដល់កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា»។
ទន្ទឹមនឹងការផ្ទុះកក្រើកប្រាក់រង្វាន់ចំនួន១០មុឺនរៀលសម្រាប់ម្ចាស់ស្បែកជើងមាសដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេរួចមក លោក ផែង វណ្ណៈ ដោយមានក្តីអាណិតអាសូរ ក៏បានបំណងជួយជាថវិកាបន្ថែមដល់ប្អូនស្រីផងដែរ ដោយក្នុងនោះ លោក ផែង វណ្ណៈ បានធ្វើការបញ្ជាក់ឲ្យដឹងនៅលេីទំព័រហ្វេសបុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ។
«បន្ទាប់ពីទទួលបានព័ត៌មានថា ក្មួយស្រី កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ឆ្នាំង ទទួលបានស្បែកជើងមាសក្នុងការទាត់បាល់បញ្ចូលទីបានច្រេីនជាងគេ ទទួលបានប្រាក់ឧបត្ថម្ភតែ ១០ ម៉ឺនរៀល ខ្ញុំបាទ និង ក្រុមគ្រួសារ សូមឧបត្ថម្ភបន្ថែមចំនួន ២០០ដុល្លារ។ នៅថ្ងៃស្អែកខ្ញុំនឹងអោយតំណាងយកថវិកាទៅជូនក្មួយស្រី សូមអបអរសាទរក្មួយស្រី»។