មហាជនមួយចំនួនធំ ពិតជាបានជ្រាប រួចមកហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១៨ និង១០នាទី មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកេីតឡេីង នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ កែវ ចិត្រា យកកាំភ្លេីងខ្លីបាញ់ឱ្យរងរបួសធ្ងន់ (ត្រូវចំក្បាល) ជនសង្ស័យរូបនេះ គឺជាកូនប្រុសបង្កេីតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។
បន្ទាប់ពីកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប្រទេសវៀតណាម។ លុះដល់វេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ គេបានទទួលដំណឹងថា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ស្ដ្រីម្ចាស់ហាងភោជនីយដ្ឋាន សំណាងអាណេ ដែលត្រូវកូនប្រុសអធិការក្រុងបាវិត បាញ់ប្រហារនោះ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យប្រទេសវៀតណាមហើយ។
ចំណែកនៅមុននេះបន្តិច សពរបស់ម្ចាស់ហាងរូបនេះបានដឹកមកដល់ ភោជនីយដ្ឋាន សំណាងអាណេ ហើយ ហើយនឹងដឹកបន្តទៅកាន់ស្រុកកំណើត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ កាន់តែរំជួលចិត្តថែមទៀតនោះគឺ អស់ពីម្ចាស់ហាងនេះទៅ អ្នកធ្លាប់ធ្វើការជាមួយ នឹងបែកគ្នា ទៅកាន់ស្រុកកំណើតរៀងៗខ្លួនហើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕