នៅមុននេះបន្តិច នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា៖ “ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះគឺចាប់ពី ថ្ងៃទី ២០ ដល់ ២២ ធ្នូ ឆ្នាំ ២០១៩។
សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗ យុវជនចូលរួមសប្បាយរីករាយជាមួយ កម្មវិធីសម្តែងសីល្បៈយប់នេះផង និងទិញទំនិញ នៅតាមស្តង់ជាច្រើនដែលបានរៀបចំ នៅទីតាំងប្រារព្ឋកម្មវិធី ព្រមទំាងស្នាក់កំសាន្តសប្បាយនៅតំបន់ឆ្នេរសមុទ្រខេត្រកំពត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែ សេចក្តីសុខ និងបានសប្បាយរីករាយក្នុង ថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។”។
ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ដែលរៀបចំធ្វើឡើងក្នុងខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ៕