រំភើបជំនួស! ទីបំផុតថៅកែលក់មាសពេជ្យ អ្នកនាង ដាណា បានជួបនឹងក្មេងស្រី ដែលខំដើរទៅរៀនទាំងផ្លូវឆ្ងាយ រហូតក្លាយជាសិស្សពូកែក្នុងថ្នាក់នោះហើយ ដោយអ្នកស្រីបាននាំក្មួយស្រីទៅផ្សារដើម្បីទិញ

កាលពីពេលថ្មីៗនេះ ផ្ទុះការចែករំលែកយ៉ាងច្រើន ពីសំណាក់មហាជន នៅក្នុងបណ្ដញសង្គម ហ្វេសប៊ុក និងមានក្ដីអាណិតអាសូរជាខ្លាំង ដែលក្មេងស្រីម្នាក់រស់នៅជាមួយជីដូន ក្នុងស្ថានភាពគ្រួសារក្រក្រី ដោយមិនមានកង់ជិះទៅសាលារៀននោះឡើយ ដោយរាល់ថ្ងៃនាង ត្រូវចំនាយពេលវេលា ដើរទៅរៀនទាំងមេឃក្ដីហួងហែង រហូតទៅដល់រាប់គីឡូឯណោះ ប៉ុន្ដែនាងមិនបានធ្វើឲ្យជីដូនរបស់នាងអស់សង្ឃឹមនោះឡើយ រហូតនាងក្លាយទៅជាសិស្សពូកែ និងទទួលបានប័ណ្ណសរសើររយៈពេល ៣ឆ្នាំជាប់ៗគ្នាថែមទៀតផង។

ក្នុងនោះដែរ បើតាមរយៈការលើកឡើងរបស់ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Youth save Cambodia បានសរសេរឱ្យដឹងថា៖”ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ ដើរសុីឈ្នួលគេគ្រប់គ្នា គេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ ១,២៥០ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ)។

ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមក លេខទូរស័ព្ទ 093 633 500 /012 880 624”។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឃើញភាពតស៊ូរបស់ក្មេងស្រីរូបនេះ នាខណៈកាលពីម្សិលមិញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ម្ចាស់ហាងមាស ពេជ្រ អ្នកនាង ដាណា បានប្រកាសចង់ជួយក្មេងស្រីខាងលើនេះ ដោយគាត់បានសរសេរថា៖”ខ្ញុំ​ស្រលាញ់​អ្នក​តស៊ូ​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ជា​ក្មេង​ស្រី​ម្នាក់ ដែល​ជម្នះ​ការ​លំបាក ជម្នះ​នឹង​ការ​មើល​ងាយ​គ្រប់​បែប​យ៉ាង រហូត​មាន​ថ្ងៃ​នេះ។ ឃើញ​ប្អូន​ស្រី ដើរ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ដើម្បី​ទៅ​រៀន​នៅ​សាលា រហូត​ជាប់​ឈ្មោះ​ជា​សិស្ស​ពូ​កែ ៣​ឆ្នាំ​ជាប់​គ្នា​ទៀត បង​ពិត​ជា​សរសើរ​កម្លាំង​ចិត្ត​របស់​ប្អូន​ស្រី​ណាស់។ ខ្ញុំ​ចង់​ជួយ​កង់​គាត់​មួយ​គ្រឿង និង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត។

លឺ​ថា​គាត់​រៀន​នៅ​បឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មាន​បង​ប្អូន​យើង​ណា​ស្គាល់​ផ្ទះ​គាត់​អត់? កើត​មក​គ្មាន​ទ្រព្យ​សម្បត្តិ រស់​ក្នុង​ភាព​ក្រី​ក្រ មិន​មែន​ជា​កំហុស​យើង​ទេ ហើយ​ក៏​មិន​មែន​ជា​កំហុស​អ្នក​ណា​ដែរ។ តែ​បើ​យើង​មិន​តស៊ូ យើង​ផ្ដេក​ផ្ដួល​លើ​ស្ថានភាព​ដែល​យើង​កំពុង​មាន ទើប​ជា​កំហុស​ធំ​បំផុត​ក្នុង​ឆាក​ជីវិត។ មាន​ជីវិត ត្រូវ​មាន​ការ​តស៊ូ”។

យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់ម្ចាស់ហាង មាស ពេជ្រ អ្នកនាង ដាណា បានមួយថ្ងៃរួចមក ស្រាប់តែនៅរសៀលថ្ងៃទី២១ ខែធ្នូនេះ អ្នកនាង ដាណា បានជួបនឹងក្មេងស្រីនេះហើយ នឹងបានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃ​នេះ​បាន​នាំ​ក្មួយ​ស្រី មុំ ឆយី ទៅ​ផ្សារ​​ទិញ​សម្ភារៈ​សិក្សា សំលៀក​បំពាក់ កាតាប ស្បែក​ជើងថ្មី ហើយ​ក្មួយ​ស្រី​ថា ចង់​បាន​របស់​តុប​តែង​ខ្លួន​ដូច​គេ ក៏​ទិញ​ថែម​ឃ្នាប​សក់ កៅស៊ូ​ចង​សក់ និង​បូ​លើ​ក្បាល ឱ្យ​ប្អូន​ស្រី​រើស​តាម​ចិត្ត។

មើល​ទៅ​គ្នា​សប្បាយ​ចិត្ត​ណាស់ ហើយ​ខ្ញុំ​ក៏​រំភើប​ចិត្ត​ដែរ។ ​​ដំបូង​ថា​ផ្ដល់​កង់​ឱ្យ​គាត់​មួយ​គ្រឿង​គ្រាន់​ជិះ​ទៅ​រៀន តែ​ឥឡូវ​មាន​អ្នក​ចិត្ត​ធម៌​ផ្សេង​ជួយ​កង់​ហើយ ចឹង​ត្រូវ​ទិញ​របស់​ផ្សេង​ៗ​ដែល​កំពុង​ត្រូវ​ការ​ចាំ​បាច់ ហើយ​ផ្ដល់​ថវិកា​ដល់​គាត់​ទុក​គ្រាន់​ទំនុក​បម្រុង​រៀន​សូត្រ​បន្ត។ ពី​មុន​ជាប់​លេខ២ ក្មួយ​ស្រី​ប្រាប់​ថា​ប្រឹង​រៀន​ឱ្យ​ជាប់​លេខ​១ ជូន​ពរ​សម្រេច​តាម​បំណង។ ជីវិត​កើត​មក​ក្រ ត្រូវ​តែ​តស៊ូ​ចឹង​ហើយ! ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​អស់​ហើយ រសជាតិ​ជីវិត​បែប​នេះ។ អរគុណ​ដល់​លោក​គ្រូ​នៅ​សាលា​បឋមសិក្សា​ពោធិ​ខ្ទម្ព ដែល​ជួយ​សម្រួល និង​ជួយ​ដល់​ក្មួយ​ស្រី។ ធ្វើ​ល្អ​ឱ្យ​បាន​ច្រើន នឹង​ជួប​តែ​មនុស្ស​ល្អៗ”៕

Related posts

Leave a Comment