ដំណឹង​ល្អ! សម្តេចតេជោ​ ហ៊ុន​ សែន​ មន្ទីរពេទ្យកម្ពុជាមានសមត្ថភាពព្យាបាលដោះដូរក្រលៀនបាន​ ដោយមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសទេ គឺ​ស្ថិតនៅមន្ទីរពេទ្យ​

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨នាក់ នៅកោះពេជ្យកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អោយបានដឹងអំពីសមត្ថភាពមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យទាហាន) ដែលអាចព្យាបាល និងដោះដូរក្រលៀន (គ្រឿងក្នុង) និងសរីរាង្គមួយចំនួនបាន ដោយមិនចាំបាច់ចំណាយថវិកាច្រើនចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។

ការដូរក្រលៀន ឬសរីរាង្គក្នុងមួយចំនួននៅពេលនេះ គឺអាចធ្វើបានប្រកបដោយសុវត្ថិភាព នៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន)។ សម្តេចតេជោ បានលើកទឹកចិត្តឲ្យបងប្អូនដែលកំពុងជួបបញ្ហាដូរក្រលៀនកុំអស់សង្ឃឹមអោយសោះ ទោះបីគ្មានប្រាក់ គឺឲ្យតែមានសាច់ញាតិបងប្អូនកូនចៅ ឬគ្រួសារអ្នកជំងឺមានគ្រលៀនប្រភេទដូចគ្នាគឺអាចមកពិភាក្សា ព្យាបាលនិងដោះដូរនៅមន្ទីរពេទ្យនេះបានដែលមានគុណភាពល្អដូចមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានហាមឃាត់ដាច់ខាតចំពោះអំពើជួញដូរក្រលៀន និងគ្រឿងក្នុងមនុស្សដោយខុសច្បាប់ដែលនឹងត្រូវផ្តន្ទារទោសយ៉ាងធ្ងន់ធ្ងរមិនលើកលែងឡើយ។​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីអោយសក្តិសមជាកន្លែងព្យាបាលរបស់ជាតិក្នុងការបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

ជាចុងក្រោយ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺសូមអោយនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះអោយបានរិតតែខ្លាំងទៀត ដើម្បីអោយកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ហើយ សម្តេចតេជោ បានចូលរួមអបអរសាទរចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅពេលនេះ នឹងសូមជូនពរអោយក្មួយៗ ទទួលបានការងារ និង ជោគជ័យថ្មីៗជាបន្តបបន្ទាប់ទៀត។

Related posts

Leave a Comment