ប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នេះ DJ HYO ឬ Hyoyeon សមាជិកក្រុមចម្រៀង GIRLS’GENERATION តារាចម្រៀងកូរ៉េ និងជា DJ ដ៏ល្បី បានមានវត្តមានលេីទឹកដីប្រទេសកម្ពុជាជាលើកដំបូង ក្នុងការចូលរួមសម្ដែងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ យប់មិញនេះ ដើម្បីអបអរក្នុងកម្មវិធីគម្រប់ខួប២ឆ្នាំ របស់សោនក្លឹប SOUND CLUB។
គួររំលឹកដែរថា DJ HYO ដែលកាលពី ៨ឆ្នាំមុន នាងបានជួយសង្រ្គោះដល់ក្មេងស្រីកម្ពុជាមួុយរូបដែលមានជម្ងឺប្រហោងបេះដូង អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមានក្តីរំភើបរីករាយជាខ្លាំងនោះ កាលពីយប់មិញនេះ ក្មេងស្រីរូបនោះបានស្កាត់មកជួបអ្នកមានគុណខ្លួន (DJ HYO) ដែលទិដ្ឋភាពពេលនោះបានធ្វើឲ្យតារាចម្រៀងកូរ៉េដ៏ល្បីរូបនេះ មានក្តីអាឡោះអាល័យជាខ្លាំង។
បេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ “SNSD Cambodia Fan Union – SCFU” បានមានការរៀបរាប់ឲ្យដឹងថា៖«ក្មេងស្រីកម្ពុជាដែល Girls’ Generation (Hyoyeon) បានជួយសង្រ្គោះជីវិតពីជម្ងឺប្រហោងបេះដូង កាលពី ៨ឆ្នាំមុន, ទីបំផុតបានជួប Hyoyeon សារជាថ្មីនៅថ្ងៃនេះ Hyoyeon ឡើងរលីងរលោងពេលដែលគាត់ដឹងថាក្មេងស្រីម្នាក់នេះបានមកជួបគាត់ម្តងទៀតក្នុងរយៈពេលយ៉ាងយូរបែបនេះ»។
គូសបញ្ជាក់ដែរថា ចំពោះវត្តមាន DJ HYO តារាចម្រៀងកូរ៉េ និងជាសមាជិកក្រុមចម្រៀង GIRLS’GENERATION រូបនេះ បាននាំអារម្មណ៍រីករាយជាខ្លាំងដល់ភ្ញៀវកិត្តិយសដែលបានចួលរួមអបអរក្នុងកម្មវិធីគម្រប់ខួប២ឆ្នាំ របស់សោនក្លឹប SOUND CLUB ជាមួយនឹងតន្ត្រីយ៉ាងកន្រ្តាក់អារម្មណ៍សប្បាយរីករាយ ជាពិសេសក៏មានការប្រម៉ូសិនពី SOUND CLUB ផងដែរ។