ចាន់ សុបញ្ញា៖ នេះជាលេីកទី១​ ក្នុងឆាកជីវិតស្គាល់ពាក្យថា​ ពិធីខួបកំណេីត និងបាននិយាយ​ទៅកាន់​អ្នកមានគុណថា

ដូច​ដែរប្រិយមិត្ត​និង​មហាជន​ជាច្រើន​បានស្គាល់​ច្បាស់​រួច​មកហើយ​ កុមារា​ ចាន់​ សុបញ្ញា​ ​គឺ​ជា​អតីត​បេក្ខជន​ដ៏ឆ្នេីម​មួយ​រូប​ក្នុងកម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ រដូវកាល​ទី​១​ ដែលទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ ក៏ដូចជា​មានភាព​លេចធ្លោ​ជាខ្លាំង​ ជាមួយ​ទឹកដមសម្លេងដ៏​ពិរោះ​រណ្ដំ​បែប​មនុស្ស​ធំ។

ទន្ទឹម​នឹង​ការចាប់​ផ្តើម​ខិតខំ​ប្រឹងប្រែង​ពី​វគ្គ​ដំបូង​ រហូត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ កុមារា​ ចាន់​ សុបញ្ញា​ ដែលមកពី​ខេត្ត​កំពង់ចាម​ និងជា​បេក្ខជន​ដែលក្មេងជាងគេនៅក្នុង​កម្មវិធី​ទាំង​មូល​ បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ រដូវ​កាល​ទី​១​ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ ១០០លាន​រៀល​ និង​ក្លាយ​ជា​អ្នក​ចម្រៀង​កុងត្រា​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស​ ទៀត​ផង។

ទន្ទឹម​នឹង​ទទួល​បាននូវភាព​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ និងមាន​ជីវិត​ផ្លាស់ប្ដូរ​ហើយ​នោះ​ ប្អូន​ប្រុស​ ចាន់​ សុបញ្ញា​ បាន​រៀបចំ​ពិធី​ខួប​កំណើត​របស់​ខ្លួនជាលេីកដំបូង​​ ដោយមាន​ការ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ និងមានការ​ចូលរួម​យ៉ាង​ច្រើន​ពី​ភ្ញៀវ​កិត្តិយស​ដែលជា​មិត្តភ័ក្ដិ​ បងប្អូន​សាច់ញាតិយ៉ាង​ច្រើន​កុះករ​តែម្តង​ ជាមួយ​ស្នាម​ញញឹម​គ្រប់​ៗគ្នា។

ជាមួយ​គ្នានេះ​ដែរ​ ប្អូន​ប្រុស​ ចាន់​ សុបញ្ញា​ ក៏មាន​ជាពាក្យ​ពេចន៍​លេីកឡេីង​ដែរថា៖«ថ្ងៃទី១២​ ខែ១២​ ឆ្នាំ២០១៩​ នេះ​ ខ្ញុំបាទអាយុ១៥ឆ្នាំហេីយ​ ខ្ញុំបាទ​ សូមអរគុណដល់​លោកពុក​ អ្នកម្ដាយ​ ដែលបានផ្ដល់កំណេីតអោយកូន​ លោកទាំងពីរ​ ជាបេះដូងកូន​ ជាកែវភ្នែកកូន​ កូនមានថ្ងៃនេះក៏ដោយសារមានលោកអ្នកមានគុណទាំងពីរ។

នេះក៏ជាលេីកទី១​ ដែលក្នុងឆាតជីវិតនេះស្គាល់ពាក្យថា​ ពិធីខួបកំណេីត​ គឺក្រេីនរំលឹក​នៅថ្ងៃដែលម៉ែពុកលំបាក​ ពិសេស​ម៉ែ​ ពពោះកូន​ ៩ខែ១០ថ្ងៃ​ ដោយពុំមានពាក្យថា​ ធ្ងន់ សូមជូនពរពុក​ ម៉ែ​ មានសេចក្ដីសុខ​ សុខភាពល្អ។ អរគុណម៉ាក់​ វីត​ ប៉ា​ សុផល​ នឹងអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់​ ដែលផ្ដល់កិត្តិយសដ៏ធំធេងដល់រូបខ្ញុំបាទ​ ចាន់​ សុបញ្ញា»។

Related posts

Leave a Comment