ប្រិយមិត្តបានស្គាល់រួចមកហេីយ លោក ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជននៅទូទាំងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។
យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ លោក ហុង ភារិន បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) ដែលបានរៀបចំឡេីងនៅក្នុងក្រុង អ៊ូហាន ប្រទេសចិន និងមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់មកពីប្រទេសជាច្រើនជុំវិញពិភពលោក កម្មវិធីប្រកួតបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូ ដែលមានរយៈពេល៣ថ្ងៃ ។
ចំពោះលទ្ធផលនៃការប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th world memory championships) ដែលបានរៀបចំឡេីងនៅប្រទេសចិននេះ លោក ហុង ភារិន មិនទទួលបានជ័យជម្នះទេ ហេីយលោកក៏បានមានការតាំងចិត្តនឹងខិតខំប្រឹងប្រែងជាបន្តទៀត ដេីម្បីមកដណ្តេីមយកជ័យជម្នះសារជាថ្មីផងដែរ។
បេីទោះជាលទ្ធផលបែបនេះក្តី លោក ហុង ភារិន នៅតែមានមោទនភាពនិងក្តីរីករាយជាខ្លាំង ខណៈដែលលោកបានសម្រេចបំណងប្រាថ្នារបស់ខ្លួន ដោយក្នុងនោះ លោកធ្លាប់បានមានការរៀបរាប់ថា៖«រយៈពេល២៨ឆ្នាំនៃការបង្កេីតកម្មវិធីប្រកួតការចងចាំពិភពលោក មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម៉្លេះ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហេីយ ចប់ភារកិច្ចហេីយ ត្រលប់ទៅរៀនវិញ»។
យ៉ាងណាមិញ នៅថ្ងៃនេះដែរ លោក ហុង ភារិន បានមកដល់ប្រទេសថៃវិញហេីយ ដេីម្បីបន្តការសិក្សា ដោយក្នុងនោះ លោកក៏បានមានការរៀបរាប់ដែរថា៖«09/12/2019 សូមអរគុណដល់បងៗស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ដែលបានមកទទួលស្វាគមន៌យ៉ាងកក់ក្តៅដល់រូបខ្ញុំបាទ ពិតជាអរគុណខ្លាំងណាស់បាទ»។