អ្នកនាង ទូច ស្រីល័ក្ខ រំភើបចិត្តស្ទើរហោះ ពេលកូនប្រុសសំណព្វពោលហៅនាងមួយម៉ាត់ យ៉ាងចាក់ដោត

មហាជនអ្នកគាំទ្រតារាចម្រៀង ទូច ស្រីល័ក្ខ ប្រាកដជាធ្លាប់បានដឹងមកហើយពីរឿងរ៉ាវបែកបាក់ជីវិតគូរបស់តារាស្រីរូបនេះ រហូតមានរឿងក្តីក្តាំងទាមទារសិទ្ធិនៃការចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់គត់របស់ខ្លួនទៀតផង ។ លើសពីនោះ អំឡុងពេលរង់ចាំការលែងលះដាច់ស្រេច អ្នកនាង ទូច ស្រីល័ក្ខ បានជួបនូវរឿងរ៉ាវលំបាកតស៊ូជាច្រើន រហូតធ្វើឱ្យអ្នកនាងធ្លាប់បង្ហើបថាខ្លួនមានជំងឺបាក់ទឹកចិត្តទៀតផង ។

យ៉ាងណាក៏ដោយ ក្រោយពីសំងំឱបទុក្ខរយៈពេលជិត ២ ឆ្នាំ អ្នកនាង ទូច ស្រីល័ក្ខ ក៏ហាក់មានស្នាមញញឹមជាថ្មី ដូចពាក្យចាស់ពោលថា «ក្រោយភ្លៀងមេឃស្រឡះ» ដោយបន្ទាប់ពីនាងឈ្នះក្តីទទួលបានកូនប្រុសមកចិញ្ចឹមបីបាច់ហើយ អ្នកនាងក៏បានជួបស្នេហ៍ថ្មី ដែលគេបានដឹងថាជាគ្រូបង្វឹកកីឡារបស់នាងនោះ ។

ជាការពិត មិនមែនជារឿងងាយស្រួលនោះទេ ក្នុងការស្ពាយឈ្មោះជាមេម៉ាយ និង ត្រូវចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯងនោះ តែយ៉ាងណាអ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានមហាជនកោតសរសើរថានាងជាស្ត្រីរឹងមាំម្នាក់ ដែលដើរតួនាទីជាម្តាយផង និង ជាឪពុកផងនោះ ។

ជាក់ស្តែងនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានបង្ហោះសាររំភើបចិត្តយ៉ាងខ្លាំង ព្រោះកូនប្រុសសំណព្វចិត្តរបស់នាងបានហៅនាងថាជា Hero នៅថ្ងៃបុណ្យឪពុក ។ សាររំភើបចិត្តនោះ អ្នកនាង ទូច ស្រីល័ក្ខ រៀបរាប់ថា ៖ «ម៉ាក់រីករាយថ្ងៃ father’s day អូនអរគុណម៉ាក់ ដែលតែងតែក្រោកឈរធ្វើជាម៉ាក់ ហើយធ្វើជាប៉ារបស់អូន ម៉ាក់ជា Hero របស់អូន រំភើបណាស់កូន» ៕

Related posts

Leave a Comment