សម័យស្នេហ៍អ្នកលក់ Online! លក់អីក៏ទិញ ទិញទាល់តែបានបេះដូងអ្នកលក់ ឈែតត្រឹម ១៣ ថ្ងៃ ចូលស្តីរៀបការប្រឹបៗ

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ មានគូស្នេហ៍មួយគូ បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈកូនក្រមុំជាអ្នកលក់អនឡាញ ត្រូវបានខាងកូនកំលោះឆាតទិញអីវ៉ាន Online រហូតទាក់ទងគ្នាបានសម្រេច ក៏ ភ្ជាប់ពាក្យរៀបការតែម្តង ក្រោយពីពួកគេទើបតែបានទាក់ទងគ្នាត្រឹមតែ ១៣ ថ្ងៃប៉ុណ្ណោះ។

តាមរយៈការបង្ហោះពីគណនីមួយដែលមានឈ្មោះ Ah Ah Moon ដែលជាភាគីកូនក្រមុំ បានបង្ហោះបញ្ជាក់នៅលើគណនីរបស់ខ្លួន ឱ្យបានដឹងថា នេះជាស្នេហារវាងអ្នកលក់ Online និង អ្នកទិញអត់ចេះញ៉ែ ខណៈស្គាល់គ្នាតែ ១៣ ថ្ងៃទេ គឺចូលរោងតែម្ដង ដែលចាស់ៗ តែងនិយាយថា ដល់គូហើយគឺបែបហ្នឹងឯង ។

ទាក់ទិនទៅនឹងគូស្នេហាដ៏គួរឱ្យចាប់អារម្មណ៍នេះ នារីលក់ Online រូបស្រស់នេះ បានបញ្ជាក់ដើមហេតុដំបូងឱ្យបានដឹងថា «ពូហ្នឹងទិញរហូត មានលក់អីក៏ទិញដែរ ទិញទាល់តែបានអ្នកលក់យកមួយជីវិតហ្មង សំខាន់កម្ម៉ង់អាវខ្លះមិនទាន់បានមកដល់ផង» ។ រហូតមកទល់ពេលនេះ គូស្នេហ៍មួយគូនេះបានចូលរោងអាពាហ៍ពិពាហ៍ហើយ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។

យ៉ាងណាមិញ ក្រោយជួបស្នេហ៍ពិតបែបនេះ នារីដែលទើបចូលរោងការថ្មីថ្មោងខាងលើ បានផ្តាំទៅអ្នកលក់ Online ឱ្យឧស្សាហ៍តបឆាតភ្ញៀវឱ្យច្រើនៗផងដែរ ក្រែងតបយូរៗទៅ ប៉ះចំគូព្រេងដូចខ្លួនដែរ ដែលលក់ខោអាវសុខៗបានប្តី ១៕

Related posts

Leave a Comment