ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ យប់មិញនេះ គឺការប្រកួតបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U22 ប្រទេសកម្ពុជាត្រូវជួបជាមួយប្រទេសវៀតណាម ក្នុងកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន ដែលលទ្ធផលនោះ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៤ទល់នឹង០។
ក្រោយពីបញ្ចប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិវៀតណាមរួចមក ក៏ស្រាប់តែលេចឮព័ត៌មានថា កីឡាករបាល់ទាត់ កែវ សុខផេង ក្នុងតួនាទីជាខ្សែប្រយុទ្ធដ៏ឆ្នេីមរបស់ក្រុមជម្រើសជាតិកម្ពុជា បែរជាមានពូជពង្សសាវតាជាកូនបង្កើតរបស់ជនជាតិវៀតណាមទៅវិញ ដែលធ្លាប់បានរស់នៅ និងសិក្សារនៅប្រទេសវៀតណាម។
ជុំវិញព័ត៌មានខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍លោក កែវ សុខផេង ជាខ្លាំង តែត្រូវបានមហាជនខ្មែរជាច្រើន បាននាំគ្នាលើកទឹកចិត្តដល់កីឡាកររូបនេះ ទេីបធ្វេីឲ្យរូបគាត់មានស្នាមញញឹមឡើងវិញ។ នេះបេីយោងតាមការបង្ហោះសារពីកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖
«ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទឹកចិត្តរបស់អ្នកទាំងអស់គ្នា បានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀត
ដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣០នេះ។ យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង! សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា! (សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)»។