ហ្វេសប៊ុក៖ គួររំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ គឺជាការប្រកួតបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U22 ដែលប្រទេសកម្ពុជាត្រូវជួបជាមួយប្រទេសវៀតណាម ក្នុងកីឡាដ្ឋាន Rizal Memoral ប្រទេសហ្វីលីពីន ដែលលទ្ធផលនោះ គឺក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល៤ទល់នឹង០។
ទោះបីជាក្រុមជម្រើសជាតិកម្ពុជា មិនអាចយកឈ្នះក្រុមជម្រើសវៀតណាមយ៉ាងណាក្តី ក៏ក្រុមជម្រើសជាតិកម្ពុជានៅសល់ឱកាសមួយទៀត ដែលជាការប៉ះគ្នាជាមួយក្រុមជម្រសើជាតិមីយ៉ាន់ម៉ា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះផងដែរ នៅវេលាម៉ោង៤រសៀល នៅកីឡាដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន។
រួមជាមួយគ្នានេះផងដែរ ក្រុមជម្រើសជាតិកម្ពុជា នៅតែបន្តការហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកលេខ៣ (មេដាយសំរឹទ្ធ) មកជូនប្រទេសជាតិផងដែរ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេក សីហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ សូមជូនពរអោយក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះ សម្រាប់ការប្រកួតយកលេខ៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។
គូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ត្រូវបានបើកការប្រកួតផ្លូវការនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ឆ្នាំនេះមានអត្តពលិកជិត៦ពាន់នាក់ ដែលមកពី១១ប្រទេសចូលរួម ពួកគេត្រូវប្រកួតប្រជែងលើ៥៦ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡាឲ្យចូលរួម។