ស្អាតហើយចិត្តល្អទៀត! បុរសកម្សត់រុញការ៉េមលក់ចិញ្ចឹមប្រពន្ធកំពុងមានជំងឺទទួលបានអំណោយពីមជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា

រាជធានីភ្នំពេញ ៖ បុរសកម្សត់ម្នាក់រុញការ៉េមដើរលក់ដើម្បីយកប្រាក់ចិញ្ចឹមប្រពន្ធដែលកំពុងមានជំងឺរបេងឆ្អឹងជើងព្យាបាលមិនជា ហើយមុខរបរនេះបានត្រឹមតែរកបានព្រឹកខ្វះល្ងាច និងរកបានល្ងាចខ្វះព្រឹកនោះ បានអង្រួនដល់បេះដូងសប្បុរសធម៌របស់អ្នកស្រី រៃ សុភា ដែលម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា (Sophea Skin Care) ឲ្យមានការអាណិតអាសូរបុរសនោះយ៉ាងខ្លាំង ។ បន្ទាប់មកអ្នកស្រីក៏បានជួយឧបត្ថម្ភនូវអំណោយជាគ្រឿងបរិភោគព្រមទាំងថវិកាមួយចំនួនដល់បុរសរូបនោះជាការសម្រាលទុក្ខលំបាកនិងបំពេញការខ្វះខាតរបស់គាត់បានមួយគ្រាដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលារសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផ័ស្សខាងលើ បានអញ្ជើញលោក ជា សឿន អាយុ ៤១ ឆ្នាំ ដែលជាអ្នករុញធុងការ៉េមដើរលក់នោះតាមរយៈភ្នាក់ងារ «កោះសន្តិភាព» ឲ្យទៅកាន់មជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់ខ្លួន ដែលស្ថិតនៅជិតផ្សារសុណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទទួលយកអំណោយដែលបានរៀបចំរួចជាស្រេច ដែលអំណោយនោះរួមមាន ៖ អង្ករចំនួន ៣ បាវ ទម្ងន់ ១៥០ គីឡូក្រាម, មីចំនួន ៣ កេស, ត្រីខកំប៉ុងចំនួន ២ យួរ និងថវិកាចំនួន ១០០ ដុល្លារ (មួយរយដុល្លារ) ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឭកផងដែរថា លោក ជា សឿន អាយុ ៤១ ឆ្នាំ មានស្រុកកំណើតនៅភូមិដំរីពួន ឃុំចំការគួយ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ គាត់មានប្រពន្ធឈ្មោះ ផូរ យ៉ង់ អាយុ ៣៦ ឆ្នាំ កំពុងមានជម្ងឺរបេងឆ្អឹងជើងដើរពុំរួចព្យាបាលពុំជាឡើយ ពួកគាត់មានកូនប្រុស ២ នាក់កំពុងបួសជាព្រះសង្ឃនៅក្នុងវត្តមួយនៅឯខេត្តតាកែវ ជាស្រុកកំណើតខាងប្រពន្ធគាត់ ។ ក្រៅពីនេះគាត់នៅមានកូនស្រីអាយុ ៧ ឆ្នាំម្នាក់ទៀតរស់នៅក្នុងបន្ទុកគ្រួសារ ហើយសព្វថ្ងៃគ្រួសារគាត់ស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុង ១ ថ្ងៃៗគាត់ត្រូវរុញធុងការ៉េមដើរលក់ចម្ងាយផ្លូវពី ១០ ទៅ ២០ គីឡូម៉ែត្រ ហើយពីព្រឹកដល់យប់អាចរកប្រាក់បានត្រឹតែ ១ ម៉ឺនទៅ ២ ម៉ឺនរៀប៉ុណ្ណោះ គឺរកបានព្រឹកខ្វះល្ងាច និងរកបានល្ងាចខ្វះព្រឹក ចិញ្ចឹមប្រពន្ធកំពុងមានជំងឺទាំងលំបាកលំបិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសនេះបាននិយាយថា ក្រោយពីទទួលបានដំណឹងថា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា ផ្ដល់អំណោយ ចំពេលដែលខ្លួនកំពុងតែអត់ឃ្លានបែបនេះ គាត់មានចិត្តត្រេកអរខ្លាំងណាស់ ហើយពេញ ១ ថ្ងៃនេះគាត់អត់ចេញទៅលក់ការ៉េមទេរង់ចាំទៅយកអំណោយ ។ លុះដល់ពេលណាត់គាត់បានជួលម៉ូតូកង់បី ១ គ្រឿងជិះទៅទទួលអំណោយខាងលើ ហើយម្ចាស់មជ្ឈមណ្ឌលនោះក៏ជាអ្នកចេញថ្លៃឈ្នួលម៉ូតូកង់បីជូនគាត់ថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ពិតជាអរគុណខ្លាំងណាស់ដល់សារព័ត៌មាន «កោះសន្តិភាព» ដែលបានជួយចុះផ្សាយអំពីទុក្ខលំបាករបស់គាត់ ហើយក៏សូមថ្លែងអំណរគុណដល់ម្ចាស់អំណោយផងដែរដែលបានជួយរំលែកទុក្ខលំបាករបស់គាត់នាពេលនេះ ។ អ្នកស្រី រៃ សុភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា បានថ្លែងថា អ្នកស្រីបានអានអត្ថបទសារព័ត៌មាន «កោះសន្តិភាព» ហើយបានឃើញបុរសកម្សត់រូបនេះរុញធុងការ៉េមដើរលក់ ។ ចំណូលរបស់គាត់បានតិចមែនទែន ដែលក្នុង ១ ថ្ងៃរកបានត្រឹមតែ ១ ម៉ឺនរៀលប៉ុណ្ណោះ អ្នកស្រីគិតថា វាតិចមែនទែន ដែលមិនអាចចិញ្ចឹមគ្រួសារ ឬខ្លួនរបស់គាត់បានទេ ។

ពេលឃើញបែបនេះអ្នកស្រីមានការអាណិតណាស់ ហើយចង់ជួយដោះបន្ទុករបស់គាត់បានមួយរយៈពេលវែងបន្តិចដែរ ទើបអ្នកស្រីជួយផ្ដល់ជាអំណោយនេះឡើង ជាការចែករំលែកទុក្ខលំបាក ។ ពុំមែនតែបុរសនេះទេ ដែលអ្នកស្រីជួយនោះកន្លងមកអ្នកស្រីធ្លាប់បានជួយដល់អ្នកផ្សេងៗដែរឲ្យតែអ្នកអត់ ប៉ុន្តែមិនបានជួយអ្វីធំដុំជាងនេះឡើយ គឺជួយបានតែប៉ុណ្ណឹង ហើយដោយសារតែផ្ទុះកូវីដ-១៩ ខ្លាំង ទើបអ្នកស្រីផ្អាកការដើរជួយមួយរយៈសិន ៕ «ប្រភព កោះសន្តិភាព»

Related posts

Leave a Comment