សម្តេច​តេ​ជោ​សុខចិត្ត​ចុះ​ចេញពី​តំណែង បើ​សិន​ សម រ​ង្ស៉ី ចូល​មក​កម្ពុជា​ហើយ​ចាប់​មិនបាន​ក្នុង​រយៈពេល​២៤​ម៉ោង

ភ្នំពេញ ​៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​នាយក​ប្រតិបត្តិ​អង្គភាព​សារព័ត៌មាន​ហ្វ្រេស​ញូ ដោយ​លើកឡើង​ថា សម្តេច​សុខចិត្ត​ចុះ​ចេញពី​តំណែង បើសិន សម រ​ង្ស៉ី ចូល​មក​កម្ពុជា​ហើយ​ចាប់​មិនបាន​ក្នុង​រយៈពេល​២៤​ម៉ោង។

ការបញ្ជាក់​របស់​សម្ដេច​បែបនេះ​ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ទណ្ឌិត សម រ​ង្ស៉ី នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ដែល​បាន​បបួល​សម្តេច​តេ​ជោ ហ៊ុន សែន ភ្នាល់​ថា បើសិន សម រ​ង្ស៉ី ហ៊ាន​ចូលមក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​នោះ​សម្តេច​តេ​ជោ យល់ព្រម​ចុះចេញ​ពី​តំណែង​ទេ ?

សម្ដេច​តេ​ជោ បានធ្វើ​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​លោក លឹម ជា​វុត្ថា ដូច្នេះ​ថា «​ខ្ញុំ​យល់ព្រម​ទទួល​ការ​ភ្នាល់​ជាមួយ​អា​ម្សៀ រ​ង្ស៉ី ប្រសិនបើ​អ្នកឯង​ជាន់​ទឹកដី​ខ្មែរ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ហើយ ខ្ញុំ​ចាប់​អ្នកឯង​មិនបាន​ក្នុង​រយៈពេល ២៤​ម៉ោង ខ្ញុំ​នឹង​សុខចិត្ត​ចុះចេញ​ពី​តំណែង​។ ប៉ុន្តែ​បើ​ខ្ញុំ​ចាប់ខ្លួន​អ្នកឯង​បាន​វិញ អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ ព្រមទាំង​រំលាយ​អង្គការ​ចាត់តាំង​ទាំងឡាយណា ដែល​អ្នកឯង​បាន​បង្កើតឡើង​។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នកឯង​មិន​ក្លាហាន​ហ៊ាន​ចូលមក​កម្ពុជា​វិញ​ទេ នោះ​អ្នកឯង​នឹងត្រូវ​បញ្ចប់ជីវិត​នយោបាយ និង​រំលាយ​អង្គការ​ចាត់តាំង​ដែល​អ្នកឯង​បង្កើត​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន​ចំពោះ​ការ​ភ្នាល់​នេះ​?

ចំណុច​មួយទៀត​លើ​ការស្បថ ប្រសិនបើ​អ្នកណាម្នាក់​មិន​គោរព​លើ​ការសន្យា​នៃ​ការ​ភ្នាល់​នេះ ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក​ផ្តាច់ជីវិត​អ្នក​ដែល​មិន​គោរព​ការសន្យា និង​ក្រុមគ្រួសារ​ទាំង​ពូជ​តែម្តង​។ តើ​អ្នកឯង​ហ៊ាន ឬ​មិន​ហ៊ាន ? ចំពោះ​ការ​ភ្នាល់​នេះ​ខ្ញុំ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ធ្វើជា​សាក្សី​ចំពោះ​ការ​ភ្នាល់ និង​សូម​ឲ្យ Fresh News ធ្វើជា​អ្នក​ផ្សព្វផ្សាយ​លើ​ការ​ភ្នាល់​នេះ​»៕


Related posts

Leave a Comment