ពេលនេះឯកឧត្តម​​​​ គន់​​​​​ គីម បានចុះទៅដល់ សាលាបឋមសិក្សា អូជុញ ហើយ ដោយបានជួយឧបត្ថម្ភ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកជាច្រើន បានមានក្តី អាណិតអាសូរជាពន់ពេក ចំពោះសាលារៀនបឋមសិក្សាមួយកន្លែង ឈ្មោះ អូជុញ ស្ថិតនៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ព្រោះតែស្រលាញ់ការសិក្សាខ្លាំងពេក សុខចិត្ដរៀនសូត្រ ក្រោមដើមឈើ គ្មានតុរៀន គ្មានសាលា ហើយក្រាលតង់ ដើម្បីអង្គុយរៀន។

ក្នុងទិដ្ឋភាព ដែលបង្ហោះឡើង ដោយអ្នកគ្រូបង្រៀនម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Hunny Phim បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។ សូមមាតាបិតា បងប្អូនណា ដែលបានឃេីញ សូមមេត្ដាជួយឧបត្ថម្ភជា៖ (ឈេី ដែក ឬក៏ជាលុយក៏ដោយ មិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល ២បន្ទប់ មានលេខទំនាក់ទំនង 097 8044 485/ 097 6892 568/ 097 8564 187/ 097 8910 917”។

ទន្ទឹមនឹងនេះដែរ នាខណៈព្រឹកនេះ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងនេះរួចមក សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយសាងសង់អគារសិក្សាជាបន្ទាន់ជូនពួកគេ។

យ៉ាងណាមិញ នារសៀលថ្ងៃដដែលនេះ ឯកឧត្ដម គន់ គីម បានធ្វើដំណើរមកដល់សាលារៀនខាងលើនេះហើយ។ ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារអមជាមួយរូបថតជាច្រើនសន្លឹក ដែលមានខ្លឹមសារថា៖”លិខិតថ្លែងអំណរគុណ យេីងខ្ញុំទាំងអស់ជាលោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងមាតាបិតាសិស្ស

នៃសាលាសិក្សាអូរជុញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​​​​ គន់​​​​​ គីម តំណាងដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលអញ្ជើញចុះមកដល់សាលាយើងខ្ញុំ និងបានជួយឧបត្ថម្ភ អគារសិក្សាមួយខ្នងមាន ១២បន្ទប់ ដែលកំពុងតែខ្វះខាតក្នុងឆ្នាំសិក្សា ២០១៩-២០២០។ ដើម្បីជួយសម្រួលដល់ការសិក្សាដល់ការសិក្សារបស់ប្អូនៗជាសិស្សានុសិស្សស្ថិតនៅភូមិសែនរុងរឿង១(អូរជុញចាស់) ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មាតាបិតាសិស្សឈប់មានកង្វល់ពីការខ្វះបន្ទប់រៀនកូនទៀត”៕

Related posts

Leave a Comment