បន្ទាប់ពីបានឃើញកូនសិស្សរៀនក្រោមដើមឈើ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យទេសដ្ឋមន្ត្រី គន់ គីម ចុះទៅត្រួតពិនិត្យផ្ទាល់ សាលាបឋមសិក្សា អូរជុញ និងធ្វើការសាងសង់អគារថ្មីជាបន្ទាន់

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកជាច្រើន បានមានក្តី អាណិតអាសូរជាពន់ពេក ចំពោះសាលារៀនបឋមសិក្សាមួយកន្លែង ឈ្មោះ អូជុញ ស្ថិតនៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ព្រោះតែស្រលាញ់ការសិក្សាខ្លាំងពេក សុខចិត្ដរៀនសូត្រ ក្រោមដើមឈើ គ្មានតុរៀន គ្មានសាលា ហើយក្រាលតុង ដើម្បីអង្គុយរៀន។

ក្នុងទិដ្ឋភាព ដែលបង្ហោះឡើង ដោយអ្នកគ្រូបង្រៀនម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Hunny Phim បានសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។ សូមមាតាបិតា បងប្អូនណា ដែលបានឃេីញ សូមមេត្ដាជួយឧបត្ថម្ភជា៖ (ឈេី ដែក ឬក៏ជាលុយក៏ដោយ មិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល ២បន្ទប់ មានលេខទំនាក់ទំនង 097 8044 485/ 097 6892 568/ 097 8564 187/ 097 8910 917”។

យ៉ាងណាមិញ នាខណៈព្រឹកនេះ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងនេះរួចមក យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News បានប្រាប់ឱ្យដឹង នូវប្រសាសន៏សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា៖”សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយសាងសង់អគារសិក្សាជាបន្ទាន់ជូនពួកគេ”។

បន្ថែមពីលើនេះ តាមរយៈកិច្ចសំភាសន៏រវាងអង្គភាពសារព័ត៍មាន Fresh News ជាមួយទេសរដ្ឋមន្ដ្រី គន់ គីម ដោយឯកឧត្ដម បានមានប្រសាសន៏ថា៖”សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រើឲ្យខ្ញុំទៅមើលសាលាហ្នឹង ដើម្បីស្ដាប់ពីសេចក្ដីរាយការណ៍របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវការប៉ុន្មាន។ គាត់ឲ្យសាងសង់អគារជូនពួកគេជាបន្ទាន់ ហើយពេលនេះ ខ្ញុំកំពុងធ្វើដំណើរទៅកន្លែងគោលដៅហ្នឹង”៕

Related posts

Leave a Comment