អបអរសាទរ! ទីបំផុត បេក្ខជន ដែលពិកាទាំងដៃទាំងជើង ខំតស៊ូរៀនសូត្រ រហូតបានប្រឡងជាប់ហើយ

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារអបអរសាទរមួយ ពីបេក្ខជនម្នាក់ឈ្មោះ ទុយ សុខដុង បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយ។

ហ្វេសប៊ុក នេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។ សូមជម្រាបថា បេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ខេត្តកំពង់ធំ។”។

ក្នុងនោះ គេក៏បានឃើញ បេក្ខជន រូបនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំធ្វើបានហើយ រំភើបខ្លាំងណាស់!”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កំឡុងថ្ងៃប្រឡង គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Roth Sidy បានបង្ហោះរូបពីរសន្លឹក ពីបេក្ខជនរូបនេះ ព្រមទាំងបានភ្ជាប់សារកោតសរសើរមួយថា “19 08 2019 សូមកោតសរសើរចំពោះប្អូនប្រុសដែលខិតខំរៀនសូត្រទោះប្អូនពិកាទាំងដៃទាំងជេីងក៏ដោយតែប្អូននៅតែតស៊ូ ហើយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រលង ។”៕

Related posts

Leave a Comment