កីឡាករ Sergio Reguilon​របស់​ក្លិប Real Madrid អំឡុង​ការប្រកួត​ជាមួយ​ក្រុម Barcelona

ខ្សែការពារ​ឆ្វេង​របស់​ក្លិប Real Madrid កីឡាករ Sergio Reguilon បាន​ចូល​លេង​ជាមួយ​ក្លិប Sevilla នៅលើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​១​រដូវ​កាល រហូតដល់​ដំណាច់​រដូវ​កាល​ក្រោយ​។ នេះ​បើ​យោងតាម​ការអះអាង​ឲ្យ​ដឹង​ពី​ក្លិប​ទាំង​២ កាលពី​ថ្ងៃ​សុក្រ។

កីឡាករ Reguilon នឹងត្រូវ​ជួបជុំគ្នា​វិញ​ជាមួយ​លោក Julen Lopetegui ដែល​ត្រូវបាន​គេ​តែងតាំង​ជា​គ្រូ​ប​ង្វឹ​របស់​ក្លិប Sevilla កាលពី​ខែ​មុន ក្រោយពី​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ចាត់ការ ដោយ​ក្លិប Real Madrid។

ក្លិប Real Madrid បាន​សរសេរ​នៅលើ​វែបសាយ​របស់​ពួកគេ​ថា ក្លិប Real Madrid និង​ក្លិប Sevilla​បាន​ឈានដល់​កិច្ចព្រមព្រៀង​ខ្ចី​ជើង​មួយ​សម្រាប់​កីឡាករ Sergio Reguilon សម្រាប់​រដូវ​កាល​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។​

សូមបញ្ជាក់ថា កីឡាករ Reguilon លេង​បាន​២២​ប្រកួត នៅ​ការប្រកួត​ទាំងអស់ កាលពី​រដូវ​កាល​មុន ពោលគឺ​រកបាន​កន្លែង​លេង​របស់ខ្លួន​ដោយសារ​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​កីឡាករ Marcelo។ ប៉ុន្តែ​ក្លិប Real Madrid​សម្រេច​ទុក​កីឡាករ Marcelo ហើយ​និង​ចំណាយលុយ​៥០​លាន​អឺរ៉ូ​ដើម្បី​ទិញ​កីឡាករ Ferland Mendy ពី​ក្លិប Lyon ទុក​ឲ្យ​កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់នេះ គ្មាន​ចន្លោះ​សម្រាប់​លេង៕

Related posts

Leave a Comment