ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីដង្ហែព្រះរបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយព្រះភ្លើងខាងមុខវត្តបទុមវតី ក្នុងនោះដែរ មហាជនបានអញ្ជើញចូលរួមដង្ហែ ដេីម្បីថ្វាយព្រះដំណេីរជាលេីកចុងក្រោយ ក្នុងក្បួនមហាជនបានឈរតាមបណ្តោយផ្លូវ ដែលគណៈកម្មាធិការបុណ្យជាតិរៀបចំ។
ទន្ទឹមនឹងនេះដែរ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ក្នុងទិដ្ឋភាពដ៏សែនក្រៀមក្រំនេះ ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ព្រះកន្សែងខ្លាំងនៅក្នុងព្រះពិធីថ្វាយព្រះភ្លើង សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលធ្វើឲ្យប្រជាពលរដ្ឋ ក្រោយឃើញទិដ្ឋភាពបែបនេះ គឺពិតជាមានភាពសោកសង្រេងជាទីបំផុត។ ក្នុងនោះដែរ ព្រះនាងតូច នរោត្ដម ជេនណា ទ្រង់បានភ្ជាប់សារមួយឃ្លាថា៖”កម្មវីធីព្រឹកមិញនេះ ដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឆ្ពោះទៅ ព្រះមេរុ ដេីម្បីប្រារព្ធព្រះពិធីថ្វាយ ព្រះភ្លើង ខាងមុខវត្តបទុមវតី។ ជេនណា សូមថ្វាយមហាព្រះរាជកុសល”។
គូសរំលឹកផងដែរថា កាលពីថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទី សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ។ ក្នុងនោះដែរ ព្រះអង្គ បានឆ្លងកាត់ដំណើរជីវិតយ៉ាងលំបាកមួយនៅក្នុងសតវត្សរ៍ទី២០ ដែលពោរពេញទៅដោយអនុស្សាវរីយ៍សម្បូរបែបជាប្រវត្តិសាស្ត និងភាពរំជើបរំជួលផ្នែកសិល្បៈ។
ហើយនៅពេលដែលព្រះរាជាណាចក្របានបាត់បង់នូវអ្វីៗទាំងអស់ និងខិតខំព្យាបាលដំបៅដ៏ជ្រៅរបស់ខ្លួន សម្តេចរាជបុត្រីព្រះរៀមបានព្យាបាលដំបៅដែលអន្ទោលតាមព្រះកាយរបស់លោកជាប់ជានិច្ច តាមរយៈរបាំព្រះរាជទ្រព្យ ហើយលោកបានរៀបចំធ្វើឱ្យរបាំបុរាណរបស់ដូនតាមួយនេះរស់ឡើងវិញ ជារបាំដែលពីមុនគឺជាដួងព្រលឹង ហើយពេលនេះ នៅតែជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។
នោះគឺជាស្នាព្រះហស្ត មួយដែលគ្មានអ្នកណាម្នាក់អាចដកចេញពី សម្តេចរាជបុត្រីព្រះរៀមបានទៀតឡើយ។ ស្នាព្រះហស្ត ដែលមានជីវិតរស់ កេរ្តិ៍ឈ្មោះល្បីល្បាញបន្តមកដល់បច្ចុប្បន្ននេះ ក៏ដោយសារតែការងារដ៏លំបាកលំបិនរបស់ព្រះអង្គ លើសពីការស្មាន។ ព្រះអង្គ នៅតែបន្តកសាងជារៀងរហូត តាមរយៈរបាំនិងសិល្បៈ នូវចំណងរវាងអតីតកាលនិងបច្ចុប្បន្នកាល ការបន្តនូវប្រពៃណីទំនៀមទំលាប់ដែលចាំបាច់ ដើម្បីប្រវត្តិសាស្ត្រនិងឯកភាពជាតិខ្មែរ។ ប្រជាជាតិនីមួយៗ ក្នុងគ្រប់សម័យកាល តែងតែមានឥស្សរជនដែលជាប្រភពនៃគំនិតច្នៃប្រឌិតសិល្បៈ នោះគឺម្ចាស់ក្សត្រីប្រកបដោយមោទនភាព មានវណ្ណសម្បត្តិដ៏វិសេសនេះហើយដែលតំណាងឱ្យជម្រៅបេះដូងរបស់ប្រជាជនគ្រប់រូប។