កាលពីថ្ងៃសុក្រ សមាគមបាល់ទាត់អាហ្សង់ទីន បានស្នើសុំក្រុមហ៊ុនផ្គត់ផ្គងបច្ចេកវិទ្យាប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR ដែលត្រូវបានប្រើប្រាស់នៅការប្រកួត Copa America ដើម្បីបញ្ជាក់ថាតើ ក្រុមសន្តិសុខរបស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro មានបានជ្រៀតជ្រែតទៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ដែរឬអត់។
ក្រុមជម្រើសជាតិអាហ្សង់ទីន បានចាញ់ក្រុមម្ចាស់ផ្ទះប្រេស៊ីល០-២ នៅមុខលោក Jair Bolsonaro នៅក្នុងពហុកីឡដ្ឋាន Mineirao ស្ថិតក្នុងទីក្រុង Belo Horizonte ប៉ុន្តែពួកគេបានខឹងសម្បារខ្លាំងណាស់ នៅពេលដែលអាជ្ញាកណ្តាលបដិសេធន៍មិនព្រមផ្តល់ប៉េណាល់ទី២លើក បើទោះបីជាការចាកសារឡើងវិញ វាគួរតែត្រូវបានផ្តល់ឲ្យក៏ដោយ។
អ្វីដែលកាន់តែធ្វើឲ្យពួកគេខឹងថែមមួយកម្រិតទៀតនោះ គឺអាជ្ញាកណ្តាលអេក្វាឌ័រ Roddy Zambranoបែរជាបដិសេធន៍មិនពិគ្រោះជាមួយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR ដើម្បីពិនិត្យមើលសុពលភាពនៃអំណះអំណាងរបស់ពួកគេ។
សហព័ន្ធបាល់ទាត់ AFA បាននិយាយនៅលើវែបសាយរបស់ខ្លួនថា យើងមានការខ្វាយខ្វល់ថា សារព័ត៌មានប្រេស៊ីល និងវែបសាយព័ត៌មាន កំពុងតែជជែកគ្នាពីបញ្ហាដែលអាចកើតឡើង និងការជ្រៀតជ្រែកនៅក្នុងប្រព័ន្ធទំនាក់ទំនងរវាង បន្ទប់ប្រតិបត្តិការវីដេអូ និងក្រុមមន្ត្រីនៅលើទីលានប្រកួត។
នេះគឺជាការតវ៉ាលើកទី២ហើយ ធ្វើឡើងដោយ AFAនៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយកាលពីថ្ងៃពុធ ពួកគេបានតវ៉ាទៅកាន់គណៈគ្រប់គ្រងបាល់ទាត់អាមេរិកឡាទីន ពាក់ព័ន្ធនឹងកំហុសអាជ្ញាកណ្តាល៕
