បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានបង្ហោះសារថា “ខេត្តក្រចេះ-ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសម្ភារៈសិក្សា កង់ និងថវិកាមួយចំនួនទៀត ទៅឧបត្ថម្ភជូនសិស្សានុសិស្សក្រីក្រជួបការលំបាកច្រើននាក់ ដែលកំពុងសិក្សានៅសាលារៀនមួយកន្លែង ក្នុងតំបន់ដាច់ស្រយាលឆ្ងាយពីទីប្រជុំ
គឺសាលាបឋមសិក្សាអូកក់ ស្ថិតនៅភូមិអូរកក់ ឃុំអូរគៀង ស្រុកសំបូរ ខេត្តក្រចេះ។ អំណោយដែលលោកឧកញ៉ាឧបត្ថម្ភរួមមានសិស្សម្នាក់ៗទទួលបានសម្លៀកបំពាក់២សម្រាប់ កង់១ជាមធ្យោបាយជិះមកសាលារៀន អមដោយថវិកាម្នាក់ៗចំនួនមួយមុឺនរៀន កាតាបដាក់សម្ភារៈសិក្សានិងសម្ភារៈសិក្សាមួយចំនួនទៀត។
លោកគ្រូ អ្នកគ្រូនិងអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់លោកឧកញ៉ាទៀ វិចិត្រដែលសន្តោសជួយដល់សិស្សក្រីក្រជួបការលំបាក បានផ្តល់ជាកម្លាំងចិត្តបន្ថែមដល់សិស្សានុសិស្សកូនចៅប្រជាពលរដ្ឋនៅតំបន់នេះ ខិតខំសិក្សារៀនសូត្របន្តទៀត ៕